មានប្រសាសន៏នៅក្នុងពិធីប្រគល់-ទទួលអគារដល់អង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់អង្គរនាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣នេះ សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី បានស្នើឲ្យសមត្ថកិច្ចពាក់ព័ន្ធនានា បង្កើនការថែរក្សាការពារបេតិកភណ្ឌជាតិ និងទប់ស្កាត់បទល្មើសការជីកកកាយវត្ថុបូរាណការកាប់បំផ្លាញព្រៃឈើ ការលួចប្លន់ និងការទិញលក់នានាបញ្ជូនទៅតុលាកាតចាត់វិធានការតាមច្បាប់។ សម្ដេចក្រឡាហោម ស ខេង បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់បុគ្គលិក ភ្នាក់ងារ ពលករ ឆ្មាំ មន្រ្តីរាជការ និងថ្នាក់ដឹកនាំទាំងអស់នៃអាជ្ញាធរជាតិអប្សរាក្នុងបុព្វហេតុអភិរក្ស និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្រ្តអង្គរ ជាពិសេសគំនិតផ្ដួចចផ្ដើមសិក្សារៀបចំ និងកែលម្អថ្មីជាមួយនឹងការលេចឡើងសមិទ្ធផលជាច្រើន។
ទន្ទឹមនេះ សម្ដេចក្រឡាហោម បានថ្លែងកោតសរសើរអគ្គស្នងការដ្ឋាននគរបាលជាតិ ចំពោះនគរបាលបេតិកភណ្ឌប្រចាំតំបន់អង្គរសម្រាប់ការយកចិត្តទុកដាក់បំពេញភារកិច្ចថែរក្សាការពារបេតិកភណ្ឌ និងសម្បត្តិវប្បធម៌ជាតិ។ សម្ដេចបន្តថា រាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយតាមគោលការណ៍ស្ម័គ្រចិត្ត និងផ្លាស់ប្ដូរទីលំនៅរបស់ប្រជាពលរដ្ឋដែលកំពុងរស់នៅមិនរៀបរយក្នុងតំបន់រមណីយដ្ឋានទៅកាន់ភូមិធម្មជាតិរុនតាឯក និងតំបន់ពាក់ស្នែង ហើយប្រជាពលរដ្ឋជាច្រើនពាន់គ្រួសារបានស្ម័គ្រចិត្តចូលរួម ដែលជាការបង្ហាញអំពីគម្រូវីរៈភាព និងការដឹងគុណចំពោះមរតកដូនតាដ៏មានតម្លៃមហាសាលនេះ។
មានប្រសាសន៏នៅក្នុងឳកាសនោះដែរ សម្ដេចនាយករដ្ឋមន្រ្តីស្ដីទីបានផ្ដល់អនុសាសន៍ឱ្យអាជ្ញាធរខេត្តសៀមរាប និងអង្គភាពនគរបាលការពារបេតិកភណ្ឌ បន្តសហការជិតស្និតជាមួយអាជ្ញាធរជាតិអប្សរា ក្នុងកិច្ចការថែរក្សាការពារបេតិកភណ្ឌជាតិ ពិសេសកិច្ចការស្រាវជ្រាវ និងអនុវត្តវិធានការបង្ការទប់ស្កាត់ និងបង្ក្រាបអំពើខុសច្បាប់ ការបំផ្លិចបំផ្លាញ ការជីកកកាយវត្ថុបូរាណ ការកាប់បំផ្លាញព្រៃឈើ ការលួចប្លន់ ការទិញលក់ ការដឹកជញ្ជូន ដោយបញ្ជូនជនល្មើស និងវត្ថុតាងទៅតុលាកាតចាត់វិធានការតាមច្បាប់។
ជាងនេះទៀត សម្ដេចបានផ្ដល់មតិឱ្យពិនិត្យការរៀបចំកំណត់ទីតាំងឈរជើងការពារជាអាទិភាពជាថ្មី និងការចល័តយាមល្បាតពង្រឹងការឃ្លាំមើល មិនអនុញ្ញាតឱ្យមានការចេញចូលតំបន់ហាមឃាត់ជាអាទិភាពនានាចំពោះបុគ្គលិកទាំងឡាយណាដែលពុំមានភារកិច្ច និងគ្មានការអនុញ្ញាតពីអាជ្ញាធរជាតិអប្សរា ពិសេសនៅពេលយប់តាមចំណុចសំខាន់ៗនៃតំបន់រមណីយដ្ឋានអង្គរ និងតំបន់ផ្សេងទៀត សំដៅឆ្លើយតបការអភិវឌ្ឍរីកចម្រើន និងស្ថានភាពប្រែប្រួលស្មុគស្មាញនៃបទល្មើសនានា និងបានផ្ដល់អនុសាសសន៍ដល់អង្គភាពនគរបាលការពារបេតិកភណ្ឌបង្កើនការអប់រំ និងពង្រឹងសីលធម៌ វិន័យកងកម្លាំង និងមនសិការវិជ្ជាជីវៈ ស្រលាញ់បេតិកភណ្ឌវប្បធម៌ជាតិ សំដៅបង្ការ និងកាត់បន្ថយការចូលរួមប្រព្រឹត្តអំពើអនាធិបតេយ្យនានានៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដូចជាការបោះទីតាំងស្នាក់នៅ ទីកន្លែងធ្វើអាជីវកម្ម និងសកម្មភាពទាំងឡាយណា ដែលបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន និងមិនបានសុំការអនុវត្តស្របច្បាប់ពីអាជ្ញាធរជាតិអប្សរា។
ជាមួយគ្នានោះ សម្ដេចក្រឡាហោម ស ខេង ក៏បានណែនាំបន្ថែមដល់អង្គភាពនគរបាលការពារបេតិកភណ្ឌ បន្តពង្រឹងកិច្ចសហការជាមួយសមត្ថកិច្ច និងអាជ្ញាធរដែនដីក្នុងកិច្ចការពារសន្តិសុខ និងរបៀបរៀបរយសាធារណៈ ជាពិសេសកិច្ចការពារសុវត្ថិភាព សន្តិសុខភ្ញៀវជាតិ និងអន្តរជាតិដែលមកបំពេញបេសកម្ម និងទស្សនៈកិច្ចនៅតំបន់អង្គរ និងតំបន់ផ្សេងទៀត ហើយអាជ្ញាធរខេត្តសៀមរាប អាជ្ញាធរជាតិអប្សរា ព្រមទាំងអង្គភាពនគរបាលការរបេតិកភណ្ឌ ត្រូវខិតខំថែរក្សាបរិស្ថានធម្មជាតិ ដែលជាផ្នែកមួយនៃទេសភាពវប្បធម៌របស់រមណីយដ្ឋានអង្គរ។
សូមបញ្ជាក់ថា អគារអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់អង្គរទាំងមូលមានទំហំ ១,៧០៨ ម៉ែត្រក្រឡា ក្នុងនោះមានអគារថ្នាក់ដឹកនាំ និងសាលប្រជុំចំនួន៧បន្ទប់ បន្ទប់ស្នាក់នៅរបស់ប្រធានអង្គភាព ចំនួន២បន្ទប់ អគារអនុប្រធានអង្គភាព និងផ្នែកព្រហ្មទណ្ឌ ចំនួន៦បន្ទប់ អគារសុខាភិបាល និងវិទ្យុចំនួន៥បន្ទប់ អគារស្នាក់នៅកម្លាំងអន្តរាគមន៍ ចំនួន៦បន្ទប់ អគារផ្ទះបាយ ចំនួន១បន្ទប់ ជំរកកម្លាំងត្រៀម និងប៉ុស្តិ៍យាមជាដើម ដោយចំណាយពេលក្នុងការសាងសង់រយៈពេល២៤ខែ ដែលបានចាប់ផ្តើមសាងសង់ពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩ ហើយបញ្ចប់ការងារសាងសង់ជាស្ថាពរនៅថ្ងៃទី២៥ខែកុម្ភៈឆ្នាំ២០២១។
ក្នុងនោះដែរ ទីតាំងទីស្នាក់ការនៃអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់អង្គរចាស់ ត្រូវបានផ្លាស់ប្តូរទៅតាំងថ្មីស្ថិតនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ដែលទីតាំងស្នាក់ការចាស់នេះត្រូវបានអាជ្ញាធរជាតិអប្សរា កែលម្អ ដើម្បីបន្ថែមទេសភាពបៃតងនៅមុខប្រាសាទអង្គរវត្ត ហើយគ្រោងនឹងបើប្រាស់ជាទីកន្លែងសម្រាប់រៀបចំព្រឹត្តិការណ៍ជាតិ និងអន្តរជាតិនាពេលអនាគតជំនួសឱ្យទីធ្លានៅចំខាងមុខស្ពានហាលអង្គរវត្ត ដែលនឹងប្រើប្រាស់សម្រាប់តែព្រឹត្តិការណ៍ជាតិធំៗ និងចាំបាច់បំផុតប៉ុណ្ណោះ៕