អំឡុងពេលទស្សនកិច្ចផ្លូវការរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីនៅសាធារណរដ្ឋម៉ាល់ឌីវរយៈពេល២យប់៣ថ្ងៃប្រកបដោយលទ្ធផលផ្លែផ្ការយ៉ាងច្រើនជាប្រវត្តិសាស្ត្រនោះ អនុស្សរណៈយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍រវាងកម្ពុជា និងម៉ាល់ឌីវចំនួន៦ក៏ត្រូវបានចុះហត្ថលេខាផងដែរកាលពីថ្ងៃទី១៦ ខែមករា ម្សិលមិញ ក្នុងទីក្រុងម៉ាលនៅចំពោះមុខនាយករដ្ឋមន្ត្រីកម្ពុជា និងប្រធានាធិបតីនៃប្រទេសម៉ាលឌីវ។ នេះបើតាមការឲ្យដឹងពីលោក ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា។ អនុស្សរណៈទាំងនោះរួមមាន៖
១. ជំរុញកិច្ចសហប្រតិបត្តិការផ្នែកទេសចរណ៍បេតិកភណ្ឌវប្បធម៌ ទេសចរណ៍ទីក្រុង និងជនបទ ទេសចរណ៍ធម្មជាតិ អេកូទេសចរណ៍ ទេសចរណ៍សហគមន៍ ទេសចរណ៍សាសនា ជាដើម។
២. ការផ្លាស់ប្ដូរដំណើរទស្សនកិច្ចផ្លូវការរបស់មន្ត្រីជំនាញ និងផ្នែកឯកជន។
៣. ផលិតឯកសារផ្សព្វផ្សាយទាក់ទាញទេសចរណ៍រួមគ្នា។
៤. គាំទ្រ និងចូលរួមសិក្ខាសាលា កិច្ចប្រជុំ សន្និបាត និង កិច្ចការពាណិជ្ជកម្ម និងពិព័រណ៌ទេសចរណ៍។
៥. ការលើកទឹកចិត្តឲ្យមានសកម្មភាពសេដ្ឋកិច្ច វិនិយោគ ការតភ្ជាប់ការហោះហើរ។
៦. និងកិច្ចសហប្រតិបត្តិការផ្សេងៗទៀត។
បើតាមលោករដ្ឋមន្ត្រី ការលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋនៃប្រទេសទាំងពីរ ដែលកាន់លិខិតឆ្លងដែនការទូត ផ្លូវការ និងធម្មតា ចំនួន៣០ថ្ងៃ នឹងចូលរួមសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋនៃប្រទេសទាំងពីរកាន់តែប្រសើរនៅថ្ងៃអនាគត។ ចំណែក គំនិតផ្ដួចផ្ដើមរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ឲ្យសិក្សាលទ្ថភាពបង្កើតឲ្យមានក្របខណ្ឌ “ទិដ្ឋាការទោល គោលដៅពីរ” រវាងកម្ពុជា និងម៉ាល់ឌីវ គឺជាការឡានុវត្តភាពធំធេងសម្រាប់ជំរុញទេសចរពីប្រទេសទី៣ ដែលមកសម្រាកកម្សាន្តនៅសមុទ្រម៉ាល់ឌីវ អាចមកទស្សនាប្រាសាទអង្គវត្ត និងតំបន់ទេសចរណ៍បិតិកភណ្ឌ ឬគោលដៅទេសចរណ៍ដទៃទៀតនៅកម្ពុជា។
លោក ថោង ខុន បានឲ្យដឹងដែរថា ការអញ្ជើញប្រធានាធិបតីម៉ាល់ឌីវ មកធ្វើទស្សនកិច្ចផ្លូវការនៅកម្ពុជាឲ្យ, ការសម្ពោធផ្លូវមិត្តភាពកម្ពុជា-ម៉ាល់ឌីវ នៅខេត្តព្រះសីនុ, ការចូលរួមពិធីបើកស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅទីក្រងភ្នំពេញ ជាពិសេសការសំរេចដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដើម្បីជ្រើសរើសវិថីណាមួយនៅតំបន់ឆ្នេរកម្ពុជា ជាផ្លូវមិត្តភាពកម្ពុជា-ម៉ាល់ឌីវ នឹងក្លាយជាភាពទាក់ទាញសម្រាប់ពលរដ្ឋ នៃប្រទេសទាំងពីរឲ្យធ្វើដំណើរទស្សនាទៅវិញទៅមក ហើយដែលនឹងចូលរួមជំរុញមិត្តភាពនៃប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរថែមទៀត។
ក្រៅពីកិច្ចការខាងលើនេះ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ ក្រុមការងារជំនាញនៃក្រសួងទេសចរណ៍កម្ពុជា ដឹកនាំដោយលោក ថោង រដ្ឋសក្ដិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ បានជួបជំនាញខាងក្រសួងទេសចរណ៍ម៉ាល់ឌីវ និងបានពិភាក្សាអំពីការដាក់ចុះផែនការអនុវត្តអនុស្សរណៈមួយចំនួនមានដូចជា៖ ទី១, ការជំរុញឲ្យមានជើងហោះហើរត្រង់កម្ពុជា-ម៉ាល់ឌីវ ដោយអាចចាប់ផ្ដើមដោយការហោះហើរត្រង់ ឬត្រីកោណ ឬជាការហោះហើរមិនប្រចាំថ្ងៃ (Charter Flight), ទី២, ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ ទី៣, ការរៀបចំឲ្យមានទស្សនកិច្ចស្វែងយល់ពីគ្នាដោយបណ្ដាញសារព័ត៌មាន និងក្រុមហ៊ុនទេសចរណ៍ (Familiarization Trip) និងទី៤, ការរៀបចំឲ្យមានកញ្ចប់ទស្សនកិច្ចរួមជាដើម។
លោក ថោង ខុន អះអាងថា បញ្ហាខាងលើនេះ ក្រុមការងារបានឯកភាពគ្នារួចហើយ ដើម្បីរៀបចំក្រុមការងារទេសចរណ៍នៃប្រទេសទាំងពីរ និងរៀបចំផែនការសកម្មភាពអនុវត្តស្មារតីអនុស្សរណៈយោគយល់គ្នា ស្ដីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ ក៏ដូចជាការ អនវត្តន៍តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី និងស្មារតីលទ្ធផលនៃទស្សនកិច្ចផ្លូវការនាពេលនេះផងដែរ។
គួររំលឹកថា មុនវិបត្តិកូវីដ១៩ នៅឆ្នាំ២០១៩ កម្ពុជាបានទទួលទេសចរអន្តរជាតិចំនួន៦.៦លាននាក់ កើនឡើង៦.៦ភាគរយ ធៀបនឹងឆ្នាំ២០១៨ ហើយឆ្នាំ២០២២ កន្លងទៅនេះ កម្ពុជាបានទទួលទេសចរអន្តរជាតិចំនួន២.២លាននាក់ កើន១០២០ភាគរយ ធៀបនឹងឆ្នាំ២០២១។ រីឯប្រទេសម៉ាល់ឌីវ ឆ្នាំ២០១៩ ទទួលបានទេសចរអន្តរជាតិចំនួន១.៧លាននាក់ ហើយនៅឆ្នាំ២០២២ ទទួលបានទេសចរអន្តរជាតិ១.៦លាននាក់៕