ភ្នំពេញ៖ មន្រ្ដីនគរបាលចរាចរណ៍ខេត្តកំពង់ស្ពឺចំនួន១០នាក់ ត្រូវបានស្នងការដកបញ្ឈរជើងបណ្ដោះអាសន្ននៅការិយាល័យបុគ្គលិក និងអនុវត្តតាមវិន័យកងកម្លាំងបន្ទាប់ពីរកឃើញមានប្រព្រឹត្តកំហុសក្នុងការអនុវត្តតួនាទី។ យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺបានឱ្យដឹងថា ការដកបញ្ឈរជើងនិងអនុវត្តវិន័យនេះបានកើតឡើងបន្ទាប់ពីការស្រាវជ្រាវរកឃើញថា ពួកគេបានប្រព្រឹត្តកំហុសក្នុងពេលបំពេញភារកិច្ចនៅចំណុចផ្លូវជាតិលេខ៤គីឡូម៉ែត្រ៧៩-៨០ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣។
របាយការណ៍ដដែលបានបញ្ជាក់ថា នាអំឡុងពេលបំពេញបេសកកម្មរឹតបណ្ដឹងច្បាប់ចរាចរណ៍ផ្លូវគោកនៅចំណុចផ្លូវជាតិលេខ៤គីឡូម៉ែត្រ៧៩-៨០ នគរបាលចរាចរណ៍បានឃាត់រថយន្ដកូរ៉េដឹកទំនិញសំពីងសំពោងមួយគ្រឿងស្លាកលេខភ្នំពេញ 2BP_4662 ក្នុងទិសដៅពីខាងកើតទៅទិសខាងលិចឆ្ពោះទៅខេត្ដព្រះសីហនុ ហើយបានឃាត់ពិនិត្យរកឃើញអ្នកបើកបរគ្មានប័ណ្ណបើកបរ និងដឹកទំនិញសំពីងសំពោងល្មើសច្បាប់ និងបានប្រាប់អ្នកបើកបរថា ត្រូវពិន័យ១,២០០,០០០រៀល និងពិន័យ១៥០,០០០រៀលបន្ថែមល្មើសទំនិញសំពីងសំពោង។
របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺបានលើកឡើងទៀតថា ពេលនោះអ្នករួមដំណើរបានសុំសម្រួលដោយសុំជូនជាប្រាក់២០០ដុល្លាតែបាញ់ចូលលេខ ABA រួចបានបន្ដដំណើរទៅបាត់។ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានឱ្យដឹងបន្ថែមថា បច្ចុប្បន្នមន្រ្ដីចរាចរណ៍ទាំង១០នាក់ត្រូវបានយកមកទុកបណ្ដោះអាសន្ននៅការិយាល័យបុគ្គលិកអនុវត្តតាមវិន័យបទបញ្ជាកងកម្លាំងនគរបាលជាតិ និងបន្ដធ្វើការស្រាវជ្រាវដើម្បីចំណាត់ការបន្ដនីតិវិធី៕