Mohammed Bin Salman រឺស្គាល់ដោយឈ្មោះក្រៅថា MBS គឺប្រហែលជាព្រះអង្គម្ចាស់មួយរូបដែលត្រូវបានលើកយកមកនិយាយច្រើនជាងគេនៅក្នុងប្រវត្តិសាស្រ្តនៃអាណាចក្រ Wahhabi(វ៉ាហាប៊ី) នៅក្នុងវប្បធម៌នយោបាយដែលមេដឹកនាំទាំងឡាយតែងតែមានការប្រុងប្រយ័ត្នមិនបញ្ចេញភាពអាក្រក់របស់ពួកគេមកជាសាធារណៈ និងភ័យខ្លាចរាល់ការសំរេចចិត្តធ្វើឡើងភ្លាមៗ និងការប្រថុយប្រថានជាងអ្វីទាំងអស់។ ដោយមានកំណត់ត្រាជាច្រើនរាប់ចាប់តាំងពីសង្គ្រាមនៅក្នុងប្រទេស Yemen (យេមេន) ការធ្វើពហិការនៅក្នុងប្រទេស Qatar (កាតា) ការសម្លាប់អ្នកកាសែត Jamal Khashoggi ការឃុំឃាំងបុគ្គលមេដឹកនាំអារ៉ាប៊ីសាអូឌីតសំខាន់ៗនៅក្នុងសណ្ឋាគារ Riyadh Ritz-Carltonនិងគំរោងការណ៍ក្នុងការកសាងទីក្រុងអនាគតនៅចំកណ្តាលសមុទ្រខ្សាច់ ព្រះអង្គម្ចាស់ MBSបានក្លាយខ្លួនជាព្រះអង្គម្ចាស់មិនធម្មតាដែលមិនដើរតាមច្បាប់ទំលាប់មុនៗនៅក្នុងប្រទេស។
រាប់ចាប់តាំងពីការឡើងកាន់អំណាចរបស់ទ្រង់នៅក្នុងឆ្នាំ២០១៥ បុរសម្នាក់ដែលពេលនេះបានក្លាយខ្លួនជាព្រះអង្គម្ចាស់ហើយបានធ្វើអោយមានភាពវឹកវរស្ថានភាពនៅក្នុងប្រទេសដោយបានបំបែកយ៉ាងខ្លាំងក្លានូវច្បាប់វិន័យវប្បធម៌នយោបាយក្នុងប្រទេសរបស់ទ្រង់។ ព្រះអង្គម្ចាស់ MBSមិនចាប់អារម្មណ៍នៅក្នុងការមានកិច្ចពិភាក្សាដែលប្រើរយៈពេលយូររាប់ថ្ងៃរាប់យប់នោះទេទំរាំទទួលបានការសំរបសំរួលដ៏ស្មុគស្មាញរវាងព្រះអង្គម្ចាស់ និងរវាងមេកុលសម្ព័ន្ធ។ ម្យ៉ាងទៀតព្រះអង្គម្ចាស់ក៏មានការអត់ធ្មត់គ្រប់គ្រាន់ក្នុងការផ្តល់អាទិភាពដល់ការប្រើប្រាស់បទពិសោធន៍ និងការប្រុងប្រយ័ត្ននៅក្នុងការធ្វើសេចក្តីសំរេចចិត្តដែរ។ ទ្រង់សព្វព្រះទ័យក្នុងការជ្រើសរើសផ្លូវរបស់ខ្លួនឯងដើរតែម្នាក់ឯង និងធ្វើអ្វីចេញមកភ្លាមៗ។
នៅក្នុងការធ្វើសេចក្តីសំរេចចិត្តរបស់ទ្រង់ វាមិនមែនជាបញ្ហាសំរាប់ទ្រង់ទេ។ ទ្រង់មិនដែលព្រួយបារម្ភនឹងអាចបង្កភាពវឹកវរដល់រាជាណាចក្រអារ៉ាប៊ីសាអូឌីតដែលធ្លាប់បានកាន់កាប់ដោយមេដឹកនាំចាស់កំរឹលពីមុនមកទេ រឺក៏ការបានទទួលមកវិញនូវការធ្លាក់ចុះខ្លួនឯងដោយក្តីអាម៉ាស់ ពីព្រោះថារាល់ការសម្រេចចិត្តរបស់ទ្រង់តែងតែនាំមុខដោយចំណង់មួយដែលចង់អោយមានការភ្ញាក់ផ្អើលមួយកើតឡើងជាងប្រើយុទ្ធសាស្រ្តខ្លះដែលត្រូវបង្កើតឡើងដោយគិតយ៉ាងល្អិតល្អន់។ មិនថាវាត្រូវដោះដូរដោយការចំណាយអ្វីខ្លះ ព្រះអង្គម្ចាស់ MBSជឿជាក់លើភាពវឹកវរដែលបង្កើតជាផ្លែផ្កា។ ដោយស្នាព្រះហស្តរបស់ទ្រង់ វិធីសាស្រ្តរបស់ទ្រង់នេះបានធ្វើអោយគាំងគូប្រជែងរបស់ទ្រង់ និងបានរុញច្រានទ្រង់ឡើងខ្ពស់ក្នុងរយៈពេលប៉ុន្មានឆ្នាំ និងទីបំផុតបានឈានទៅដល់កំរិតខ្ពស់ក្នុងតំណែងជាមេដឹកនាំនៃអារ៉ាប៊ីសាអូឌីតនេះ។
ពីព្រះអង្គម្ចាស់បន្ទាប់បន្សំមួយអង្គក្លាយខ្លួនជាព្រះអង្គម្ចាស់គ្រងរាជ្យ ដោយស្ថិតនៅក្នុងចំណោមព្រះអង្គម្ចាស់រាប់ពាន់អង្គ ហើយទ្រង់មិនមែនជាបុត្រាច្បងរបស់ព្រះមហាក្សត្រ Salman ផង។ នៅពេលព្រះមហាក្សត្រនៃប្រទេសអារ៉ាប៊ីសាអូឌីតបានក្លាយជាអភិបាលក្រុង Riyadh ទ្រង់មិនដែលនឹកស្មានទេថាបុត្រាមួយអង្គរបស់ទ្រង់មកពីការរៀបអភិសេកលើកទី៣ នឹងក្លាយជាសសរទ្រូងដ៏រឹងមាំនៃគ្រួសារបន្តវេនពីទ្រង់។ មិនថាស្នាព្រះហស្តរបស់ព្រះអង្គម្ចាស់ MBS នៅមានកំរិតយ៉ាងណា បិតារបស់ទ្រង់នៅតែប្រឆាំងភាពឆ្គាំឆ្គងទាំងឡាយដើម្បីត្រួសត្រាយផ្លូវអោយរាជបុត្រារបស់ទ្រង់បានគ្រងតំណែង។