ភ្នំពេញ៖ ក្រសួងទេសចរណ៍កម្ពុជា និងក្រសួងទេសចរណ៍ម៉ាល់ឌីវត្រៀមបង្កើតក្រុមការងាររួមផ្នែកទេសចរណ៍ ដែលជាយន្តការការងារក្នុងការបង្កើនកិច្ចសហការទេសចរណ៍នៃប្រទេសទាំងពីរ។ ក្រសួងទេសចរណ៍បានឱ្យដឹងថា នៅក្នុងជំនួបរវាងលោក ថោង រដ្ឋសក្ដិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ និង លោក Ahmed Salih អនុរដ្ឋមន្ត្រីក្រសួងទេសចរណ៍ម៉ាល់ឌីវ នៅក្នុងប្រទេស ម៉ាល់ឌីវ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ ភាគីទាំងពីរបានឯកភាពគ្នាបង្កើតក្រុមការងាររួមផ្នែកទេសចរណ៍ ដែលនឹងត្រូវពិនិត្យពិភាក្សាដើម្បីរៀបចំផែនការអនុវត្តអនុស្សរណៈយោគយល់ស្ដីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍។
ក្រសួងបានឱ្យដឹងបន្តថា នៅក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាអំពីយន្តការការងារក្នុងការបង្កើនកិច្ចសហការទេសចរណ៍នៃប្រទេសទាំងពីរស្របតាមស្មារតីនៃអនុស្សរណៈយោគយល់ស្ដីពី កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍កម្ពុជា−ម៉ាល់ឌីល ដែលនឹងត្រូវផ្លាស់ប្ដូរគ្នា។ ជាមួយគ្នានេះក្រុមការងារនៃប្រទេសទាំងពីរបានវាយតម្លៃឃើញពីកាឡានុវត្តភាពក្នុងការជំរុញការលំហូរទេសចរ នៃប្រទេសទាំងពីរបន្ទាប់ពីដំណើរទស្សនកិច្ចជាលើកដំបូងរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីនៅប្រទេសម៉ាល់ឌីវ៕