គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត និងក្រសួងទេសចរណ៍បានឱ្យដឹងថា ទីក្រុងនៃខេត្តចំនួន៣បានជាប់ជ័យលាភីជាទីក្រុងដែលមានពិធីបុណ្យចូលឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ២០២២ក្នុងនោះរួមមាន៖ លេខ១ ខេត្តបាត់ដំបង លេខ២ ខេត្តព្រះសីហនុ និងលេខ៣ ខេត្តសៀមរាប ដែលទីក្រុងនៃខេត្តទាំង៣នេះ បានទទួលសំឡេងគាំទ្រច្រើនជាងគបំផុតក្នុងការប្រកួតជាមួយគូប្រជែងទីក្រុងនៃខេត្តដទៃទៀត។ បើតាមការក្រសួងទេសចរណ៏ពិធីប្រគល់ពានរង្វាន់នៅក្នុង "ពិធីអបអរសាទរទិវាជាតិទីក្រុងស្អាត" នឹងធ្វើឡើងនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខនេះ។
ក្នុងកម្មវិធីប្រកួតប្រជែង “ទីក្រុងដែលមានពិធីបុណ្យចូលឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ២០២២” (Best Countdown City of The Year 2022) ត្រូវបានប្រកាសផ្សព្វផ្សាយជាផ្លូវការ និងបើកឱ្យសាធារណជនចូលរួមបោះឆ្នោតគាំទ្រទីក្រុងដែលខ្លួនពេញចិត្តជាងគេបំផុត អស់រយៈពេល២ថ្ងៃ តាមរយៈការបោះឆ្នោតគាំទ្រលើគេហទំព័រផ្លូវការ http://bestcountdowncity.cambodiacleancity.gov.kh/ ចាប់ពីម៉ោង ៥ ល្ងាច ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ រហូតដល់ម៉ោង៥ល្ងាច ថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ ។
ជាលទ្ធផលទីក្រុងនៃខេត្តចំនួន៣បានជាប់ជ័យលាភី ដែលទទួលបានសំឡេងគាំទ្រច្រើនជាងគបំផុតរួមមាន៖ ទី១. ខេត្តបាត់ដំបង ទី២. ខេត្តព្រះសីហនុ និងទី៣. ខេត្តសៀមរាប។ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត និងក្រសួងទេសចរណ៍បានចូលរួមអបអរសាទរចំពោះជ័យលាភីទាំង៣ខាងលើហើយពិធីប្រគល់ពានរង្វាន់នឹងប្រព្រឹត្តទៅក្នុង “ពិធីអបអរសាទរទិវាជាតិទីក្រុងស្អាត” នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខ៕