មានទីតាំងស្ថិតនៅក្នុងឃុំជីខក្រោម ភូមិខ្សាច់ក្រហម ស្រុកស្រែអំបិល ខេត្តកោះកុង ចម្ងាយជាង១០ គីឡូម៉ែត្រពីទីរួមស្រុកស្រែអំបិលនៃខេត្តកោះកុង កោះខ្យង គឺជាប្រជុំកោះតូចៗចំនួន៣ជាប់ៗគ្នា ដែលរំលេចខ្លួននៅលើផ្ទៃសមុទ្រយ៉ាងស្រស់ស្អាត។ ដើមដូងខ្ពស់ទាបជាច្រើន ដែលដុះដេរដាសនៅលើកូនកោះទាំងនេះ ទឹកសមុទ្រថ្លាឈ្វេង អមដោយខ្យល់អាកាសបរិសុទ្ធគឺជាបរិយាកាសដែលស័ក្តិសមសម្រាប់ការបោះតង់សម្រាកលម្ហែ។ ដើម្បីទៅដល់កោះខ្យងអ្នកទេសចរអាចធ្វើដំណើរថ្មើរជើងឆ្លងកាត់ផ្លូវភក់ប្រមាណ១គីឡូម៉ែត្រ ដែលមានទេសភាពដើមកោងកាងយ៉ាងស្រស់ត្រកាលដុះអមសងខាងផ្លូវ និងជម្រើសមួយទៀតគឺការធ្វើដំណើរតាមទូកចេញពីផ្ទះប្រជាសហគមន៍។ ក្រៅពីការសម្រាកលម្ហែ និងគយគន់ទេសភាពធម្មជាតិនៅកោះខ្យង ភ្ញៀវទេសចរ ក៏អាចទស្សនាចម្ការផ្លែឈើធម្មជាតិ រួមមានចម្ការទុរេន សាវម៉ាវរាប់សិបហិកតា ដែលដាំដុះនៅក្នុងសហគមន៍បានផងដែរ។
កោះខ្យងស្ថិតនៅខេត្តកោះកុងជាតំបន់ទេសចរណ៍បែបធម្មជាតិមួយយ៉ាងស្រស់ត្រកាលមានដើមដូងច្រូងច្រាង និងមានឆ្នេរសមុទ្រយ៉ាងស្រស់ស្អាតស័ក្ដិបំផុតសម្រាប់គូស្នេហ៍ទៅសាងភាពផ្អែមល្ហែមជាមួយគ្នា ឬទៅកម្សាន្តជាលក្ខណៈមិត្តភក្ដិក្រុមគ្រួសារ។ ភ្ញៀវទេសចរដែលទៅលេងកម្សាន្តនៅទីនោះអាចបោះតង់គេង អាំងសាច់ គយគន់ថ្ងៃរៀបលិច យប់ឡើងអាចដុតភ្លើងអាំងជុំគ្នា និយាយពីនេះពីនោះពោរពេញដោយបរិយាកាសរីករាយក្រៃលែង ។
តាមការសិក្សាមួយចំនួនបានរកឃើញថា កោះខ្យងគឺភូមិមួយដែលមានទីតាំងជាប់សមុទ្រ ហើយជាទីកន្លែងមួយដែលសំបូរទៅដោយគ្រឿងសមុទ្រមានដូចជា បង្គារ ក្តាម មឹក បង្កង និងត្រីសមុទ្រជាច្រើនទៀត ហើយនៅពេលអានាគតរាជរដ្ឋាភិបាលមានគំរោងអភិវឌ្ឈន៍តំបន់នេះឲ្យក្លាយជាកំពង់ផែដ៏ធំមួយ។ ទីនេះដំបូងគឺជាសមុទ្រ ដោយសារតែមានមនុស្សរស់នៅច្រើន ហើយមនុស្សទាំងអស់នោះចោលសំរាមច្រើនទៅៗក៏បណ្តាលឲ្យកើតឡើងជាទីទួលបន្ទាប់មកទីនោះក៏ជាប់ឈ្មោះថា កោះខ្យង។ កោះខ្យងនេះជាប់ឈ្មោះជាយូរណាស់មកហើយចំពោះមូលហេតុដែលគេហៅភូមិនេះថា ជាភូមិកោះខ្យងពីព្រោះទីនេះមានទីតាំងជាប់សមុទ្រ និងកោះនាៗជាច្រើនទៀត ព្រមទាំងមានសណ្ឋានដីដូចជាកោះ និងសំបូរទៅដោយខ្យងផងនោះទើបទីនេះត្រូវបានគេដាក់ឈ្មោះថា កោះខ្យង។
កោះខ្យងគឺជាតំបន់ជំនួញតូចមួយ ប៉ុន្តែប្រជាជននៅទីនេះភាគច្រើនមានជីវភាពធូរធារដោយសារតែពួកគេសុទ្ធតែជាអ្នកជំនួញ។ ទីនេះមានប្រជាជនច្រើនរយគ្រួសារភាគច្រើនជាអ្នក នេសាទ ជាអ្នកលក់ដូរ និងបើកអាជីវកម្មផ្ទាល់ខ្លួន។ កោះខ្យង ជាតំបន់មួយដែលសំបូរដោយជនចំណាកស្រុក និងមានប្រជាជនចំរុះសាសន៍ខុសៗគ្នាដូចជា ចិន វៀតណាម និងខ្មែរ៕