កំពង់ស្ពឺ៖ ក្រុង ស្រុក ចំនួន៤ ក្នុងខេត្តកំពង់ស្ពឺ បានរងការជន់លិចដោយសារការធ្លាក់ភ្លៀងជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នាអាជ្ញាធរបានត្រៀមខ្លួនគ្រប់មធ្យោបាយដើម្បីបង្ការសង្គ្រោះ។ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺបាននិយាយថា ការធ្លាក់ភ្លៀងជាបន្តបន្ទាប់នៅដើមខែមករា ឆ្នាំ២០២៣ បានធ្វើឱ្យមានការជន់លិចផ្នែកខ្លះនៃក្រុងច្បារមន ស្រុកឱរ៉ាល់ ស្រុកថ្ពង និងស្រុកភ្នំស្រួច។
លោក វ៉ី សំណាង បានដាក់ចេញវិធានការឱ្យអាជ្ញាធរចុះពិនិត្យ និងត្រៀមមធ្យោបាយដើម្បីបង្ការសង្គ្រោះចំពោះមនុស្សសត្វដែលអាចរងគ្រោះជាយថាហេតុណាមួយ ខណៈទឹកបានហូរធ្លាក់មកផ្នែកខាងក្រោមបណ្តាលឱ្យអាងស្តុកទឹកមួយចំនួនបានកើនឡើង។ អាជ្ញាធរបានឱ្យដឹងថា គិតត្រឹមថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ អាងស្តុកទឹកស្វយ័តអន្លង់ជ្រៃ ស្ថិតក្នុងស្រុកថ្ពង ទឹកបានឡើងខ្ពស់ដល់កម្រិតប្រកាសអាសន្នជាហេតុធ្វើឱ្យអាជ្ញាធរសម្រេចបើកទ្វារទឹកទាំង៥ ដើម្បីរំដោះទឹកចេញបញ្ជៀសការបាក់ធ្លាយទំនប់ជាយថាហេតុ។
សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះក្រសួងធនធានទឹក និងឧតុនិយមបានប្រកាសថា តំបន់មួយចំនួនក្នុងប្រទេសកម្ពុជានឹងបន្តធ្លាក់ភ្លៀងដោយអន្លើចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ ដោយសារកម្ពុជាទទួលរងឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់(ចិន) និងខ្យល់មូសុងឦសាន្តក្នុងកម្រិតពីខ្សោយទៅមធ្យម ៕