ក្រសួងទេសចរណ៍ប្រាប់ឲ្យអ្នកពាក់ព័ន្ធវិស័យទេសចរទាំងអស់បង្កើនការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ដើម្បីជៀសវាងនូវគ្រោះថ្នាក់ ដែលអាចកើតឡើងជាយថាហេតុពីឥទ្ធិពលអាកាសធាតុចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងដែលទើបទទួលបាននៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣នេះ។ បើតាមក្រសួងទេសចរណ៍យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមកម្ពុជានឹងទតួលរងឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិន និងខ្យល់មូសុងឦសានក្នុងកម្រិតពីខ្សោយទៅមធ្យម។ ស្ថានភាពបែបនេះនឹងធ្វើឱ្យតំបន់ទំនាបកណ្តាល តំបន់ខ្ពង់រាប និងតំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយដោយអន្លើ។ ចំណែកតំបន់ខ្ពង់រាបអាចចុះត្រជាក់ក្នុងកម្រិតខ្សោយនាពេលព្រឹក។ ចំពោះសីតុណ្ហភាពអប្បបរមាទូទៅចន្លោះពី១៩-២៤°C និងសីតុណ្ហភាពអតិបរមាទូទៅ ចន្លោះពី២៩-៣២°C។
ដើម្បីធានាសន្តិសុខ និងសុវត្ថិភាពដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិជាពិសេសរាជធានីខេត្តដែលទទួលរងឥទ្ធិពលខាងលើនេះក្រសួងទេសចរណ៍បានប្រកាសណែនាំដល់មន្ទីរទេសចរណ៍រាជធានីខេត្តត្រូវផ្សព្វផ្សាយ និងណែនាំដល់ម្ចាស់មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ប្រតិបត្តិករទេសចរ និងភ្ញៀវទេសចរទាំងអស់ត្រូវយកចិត្តទុកដាក់អនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ គួររំលឹកថា នៅដើមសប្តាហ៍ដំបូងនៃឆ្នាំ២០២៣នេះកម្ពុជាទទួលបានភ្ញៀវទេសចរប្រមាណជាង៤៥ម៉ឺននាក់ ដែលចំនួននេះត្រូវបានក្រសួងទេសចរណ៏ចាត់ទុកថា ជាការចាប់ផ្តើមដ៏ល្អនៃចរន្តភ្ញៀវទេសចរផ្ទៃក្នុងសម្រាប់ឆ្នាំថ្មីនេះខណៈដែលអំឡុងពេលឆ្លងឆ្នាំសាកលកន្លងមកមានភ្ញៀវប្រមាណ២.០២លាននាក់បានដើរកម្សាន្តទូទាំងប្រទេស៕