រាជរដ្ឋាភិបាលជប៉ុនតាមរយៈមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន បានបន្តសហការជាមួយក្រសួងទេសចរណ៍កម្ពុជាផ្ដល់ការបណ្តុះបណ្តាលវគ្គវិក្រឹត្យការអ្នកជំនាញស្ប៉ា និងសុខុមាលភាពផ្នែកម៉ាស្សាប្រចាំខេត្តសៀមរាប ដើម្បីត្រៀមទទួលទេសចរជប៉ុនសំដៅជួយដល់ការលើកស្ទួយវិស័យទេសចរណ៍កម្ពុជា។ បើតាមក្រសួងទេសចរតវគ្គបណ្តុះបណ្តាលនេះជាតវគ្គបណ្តុះបណ្តាលលើកទី២មជ្ឈនៅខេត្តសៀមរាបចាប់ពីថ្ងៃទី៩-២០ ខែមករា ឆ្នាំ២០២៣ ក្នុងនោះមានសិក្ខាកាមចំនួន២៥រូប។ ហើយពិធីបើកវគ្គបណ្ដុះបណ្ដាលនេះធ្វើឡើងក្រោមអធិបតីភាពលោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍នៅសណ្ឋាគារដឺសេនជូអារី រ៉េស៊ីដេន ខេត្តសៀមរាបតាមប្រព័ន្ធអនឡាញ (Zoom)។
លោក ប៉ាក់ សុខុម បានឱ្យដឹងថា វគ្គបណ្តុះបណ្តាលនេះពិតជាមានសារៈសំខាន់ក្នុងការលើកស្ទួយ និងពង្រឹងសមត្ថភាពអ្នកជំនាញស្ប៉ាកម្ពុជាក្នុងការផ្តល់សេវាកម្ម និងជំនាញក្នុងសេវាកម្មស្ប៉ាអោយកាន់តែប្រសើរឡើង។ ការបណ្តុះបណ្តាលជំនាញស្ប៉ានេះស្របតាមស្ដង់ដាសមត្ថភាពអ្នកជំនាញស្ប៉ាអាស៊ាន ដែលកម្ពុជាត្រូវបានប្រទេសសមាជិក គាំទ្រក្នុងការរៀបចំអភិវឌ្ឍកម្មវិធីសិក្សាស្តង់ដាអាស៊ានសម្រាប់ជំនាញស្ប៉ានេះ។
ចំណែកលោក Kunihiko Hirabayashi អគ្គលេខាធិការនៃមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន បានបង្ហាញសុទិដ្ឋិនិយមថា វគ្គបណ្តុះបណ្តាលនេះនឹងរួមចំណែកពង្រឹងជំនាញបន្ថែមដល់អ្នកជំនាញស្ប៉ាម៉ាស្សាដែលបានផ្អាកពីការងារក្នុងអំឡុងកូវីដ-១៩ឲ្យទទួលបានចំណេះដឹង និងជំនាញឡើងវិញចូលរួមស្ដារវិស័យទេសចរណ៍កម្ពុជាឡើងវិញក៏ដូចជារង់ចាំស្វាគមន៍ទេសចរជប៉ុនឡើងវិញផងដែរព្រោះថាទេសចរជប៉ុនចូលចិត្តសេវាកម្មម៉ាស្សានេះ។ លោកបន្តថា ជំនាញស្ប៉ាម៉ាស្សានេះទាមទារឲ្យអ្នកជំនាញយល់ដឹងច្បាស់លាស់ពីប្រព័ន្ធប្រសាទ និងសាច់ដុំដើម្បីផ្ដល់សេវាបែបព្យាបាលផងនិងផាសុកភាព។ ក្នុងឳកាសនោះលោក ប៉ាក់ សុខុម បានផ្តល់អនុសាសន៍ណែនាំដល់សិក្ខាកាមទាំងអស់ឱ្យខិតខំយកចិត្តទុកដាក់លើការសិក្សាមួយវគ្គពេញដើម្បីទទួលបាននូវចំណេះដឹង និងជំនាញថ្មីៗពីគ្រូឧទ្ទេសដែលមានជំនាញច្បាស់លាស់យកទៅអនុវត្តបន្តនៅកន្លែងអាជីវកម្មនិងការងាររៀងៗខ្លួន។
គួររំលឹកថា បច្ចុប្បន្នក្រោមកិច្ចសហប្រតិបត្តិការទេសចរណ៍អាស៊ានក្នុងក្របខណ្ឌកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍អាស៊ាន (ASEAN MRA-TP) ប្រទេសសមាជិកកំពុងខិតខំជំរុញការបណ្តុះបណ្តាលជំនាញ៣២ក្នុងផ្នែសេវាកម្មសណ្នាគារ និងសេវាកម្មធ្វើដំណើរតាមស្តង់ដាបណ្ដុះបណ្ដាលរួមអាស៊ាន។ អាស៊ាននឹងបញ្ចូលជំនាញស្ប៉ា៦ និងជំនាញម៉ាយ៣២ជំនាញបន្ថែមទៀត ដែលនឹងធ្វើឲ្យអាស៊ានមានជំនាញ៧០ ដែលត្រូវបណ្ដុះបណ្ដាលតាមស្តង់ដារួម និងទទួលស្គាល់គ្នា ដើម្បីជំរុញបម្លាស់ទីការងារទាំងនេះក្នុងតំបន់ស្របតាមច្បាប់។ ទាក់ទងបញ្ហានេះកន្លងមកមជ្ឈមណ្ឌលអាស៊ាន-ជប៉ុនបានសហការបណ្តុះបណ្តាលជំនាញស្ប៉ា និងសុខុមាលភាពនេះ១វគ្គមកហើយនៅរាជធានីភ្នំពេញ និងបានបញ្ចប់កាលពីខែធ្នូ ឆ្នាំ២០២២ ដែលមានសិក្ខាកាមចូលរួម២៥រូបហើយមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន បានបន្តវគ្គបណ្តុះបណ្តាលជាលើកទី២ទៀតនៅខេត្តសៀមរាបចាប់ពីថ្ងៃទី៩-២០ ខែមករា ឆ្នាំ២០២៣ ក្នុងនោះមានសិក្ខាកាមចំនួន២៥រូប៕