ភ្នំពេញ៖ តំបន់មួយចំនួនក្នុងប្រទេសកម្ពុជា នឹងបន្តធ្លាក់ភ្លៀងដោយអន្លើចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ ដោយសារការទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ (ចិន) និងខ្យល់មូសុងឦសាន្តក្នុងកម្រិតពីខ្សោយទៅមធ្យម។ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមបានឱ្យដឹងថា ស្ថានភាពបែបនេះនឹងធ្វើឲ្យតំបន់ទំនាបកណ្តាលមានសីតុណ្ហភាពអប្បបរមាមានពី២២-២៤អង្សាសេ និងសីតុណ្ហភាពអតិបរមាមានពី៣០-៣២អង្សាសេ ហើយនឹងអាចមានភ្លៀងធ្លាក់ខ្សោយដោយអន្លើ ។
ក្រសួងឱ្យដឹងបន្តថា នៅតំបន់ខ្ពង់រាបសីតុណ្ហភាពអប្បបរមាមានពី១៩-២២អង្សាសេ និងសីតុណ្ហភាពអតិបរមាមានពី២៩-៣១អង្សាសេ នឹងអាចមានភ្លៀងធ្លាក់ខ្សោយដោយអន្លើ ហើយខណ:ធាតុអាកាសអាចចុះត្រជាក់ក្នុងកម្រិតខ្សោយនាពេលព្រឹក។ តាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមបានឱ្យដឹងដែរថា នៅតំបន់មាត់សមុទ្រសីតុណ្ហភាពអប្បបរមាមានពី២២-២៤អង្សាសេ និងសីតុណ្ហភាពអតិបរមាមានពី៣០-៣២អង្សាសេ ហើយនឹងអាចមានភ្លៀងធ្លាក់ខ្សោយដោយអន្លើផងដែរ៕