កំពង់ចាម៖ គម្រោងផ្លូវជាតិលេខ៧ត្រូវបានបើកការដ្ឋានពង្រីកពី២គន្លងទៅ៤គន្លងចាប់ពីរង្វង់មូលស្គន់-ស្ពានគីហ្សូណាទីរួមខេត្តកំពង់ចាមក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនបានមានប្រសាសន៍ថា គម្រោងពង្រីក និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧នេះមានប្រវែងប្រមាណ៤៥,៤៨គីឡូម៉ែត្រនឹងត្រូវស្ថាបនាជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ (AC) កម្រាស់៩សង់ទីម៉ែត្រ និងពង្រីកទទឹងតួផ្លូវពី២គន្លងទៅ៤គន្លងដោយគន្លងនីមួយៗមានប្រវែង៣,៧៥ម៉ែត្រ និងសួនពុះទ្រូងផ្លូវ១,៥ម៉ែត្រ។
លោកថ្លែងបន្តថា គម្រោងនេះនឹងរួមបញ្ចូលនូវការសាងសង់ស្ពានថ្មីចំនួន១កន្លែងប្រវែង៤០ម៉ែត្រ មានទទឹង២៤ម៉ែត្រ ស្ពានថ្មីចំនួន៦កន្លែងផ្សេងទៀត ប្រវែងសរុប១០៦ម៉ែត្រ មានទទឹង១២ម៉ែត្រ និងពង្រីកបន្ថែមស្ពានចាស់ដែលមានស្រាប់ចំនួន១កន្លែង ទទឹង១០,៥ម៉ែត្រដាក់លូគ្រប់ប្រភេទចំនួន៣៣០កន្លែង បំពាក់កាមេរ៉ាត្រួតពិនិត្យល្បឿនរថយន្ត ២កន្លែងបំពាក់ស្ថានីយជញ្ជីងថ្លឹងរថយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់វៃឆ្លាត និងត្រួតពិនិត្យដោយស្វ័យប្រវត្តិ (AI and Weigh-in-Motion) ចំនួន២កន្លែង និងបំពាក់ស្លាកសញ្ញាចរាចរណ៍គំនូសចរាចរណ៍បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាពទៅតាមបទដ្ឋានបច្ចេកទេសផ្លូវថ្នល់។
ក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងដែរថា គម្រោងនេះនឹងត្រូវអនុវត្ដការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអានដោយប្រើប្រាស់រយៈពេលសាងសង់ចំនួន៤០ខែ នឹងបញ្ចប់នៅក្នុងឆ្នាំ២០២៦ហើយគ្រោងចំណាយថវិកាសរុបប្រមាណជាង១១៧លានដុល្លារអាមេរិក ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនរួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា៕