កំពង់ចាម៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានសម្ដែងការព្រួយបារម្ភចំពោះការវិវដ្ដរបស់មេរោគកូវីដ-១៩ និងអំពាវនាវឱ្យពលរដ្ឋត្រូវចូលរួមការពារខណៈកម្ពុជាមានវ៉ាក់សាំងជំងឺកូវីដ-១៩ប្រមាណ៧លានដូសនៅក្នុងឃ្លាំង។ មានប្រសាសន៍ក្នុងឱកាសអញ្ជើញជាអធិបតីភាពបើកការដ្ឋានពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៧ នាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មិនទាន់អាចដឹងថាមេរោគកូវីដ-១៩នឹងវិវដ្ដកម្រិតណាទៀតទេ ប៉ុន្តែត្រូវការពារតាមរយៈការវ៉ាក់សាំងកូវីដ-១៩។
ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្រ្តីកម្ពុជាបានឱ្យដឹងថា បច្ចុប្បន្ននេះកម្ពុជាមានវ៉ាក់សាំងកូវីដ-១៩នៅក្នងឃ្លាំងប្រមាណ៧លានដូស ហើយវ៉ាក់សាំងចំនួន១៥លានដូសទៀត ដែលជាការផ្ដល់ឱ្យរបស់រដ្ឋាភិបាលចិន និងអាម៉េរិកក៏មិនទាន់ឲ្យដឹកចូលមកកាន់កម្ពុជាដែរព្រោះវ៉ាក់សាំងនៅមានច្រើន។ តាមរបាយការណ៍របស់ក្រសួងសុខាភិបាលបានឱ្យដឹងថា គិតត្រឹមថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៣ កំណើនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩លើប្រជាជនអាយុពី១៨ឆ្នាំឡើងទៅមានចំនួន១០៣,៨២%ធៀបជាមួយចំនួនប្រជាជនគោលដៅ១០លាននាក់៕