ព្រះរាជាណាចក្រកម្ពុជា តាមរយៈក្រសួងទេសចរណ៍បានប្រកាសទទួលស្វាគមន៍ទេសចរចិនមកទស្សនាកម្ពុជាដោយឥតលក្ខខណ្ឌផ្នែកសុខាភិបាល ហើយកម្ពុជាក៏ត្រៀមរួចជាស្រេចក្នុងការទទួលទេសចរចិនក៏ដូចជា ទេសចរអន្តរជាតិផ្សេងទៀតមកទស្សនាកម្ពុជាផងដែរ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៍មានដែលទើបទទួលបាននាព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣នេះ។ បើតាមក្រសួងទេសចរណ៍ប្រទេសចិនជាប្រទេសធំមានប្រជាជនច្រើន ជាទីផ្សារទេសចរណ៍ដ៏ធំបំផុតនៅក្នុងតំបន់និងពិភពលោក និងជាប្រទេសមួយដែរនៅក្នុងតំបន់មិនឆ្ងាយពីកម្ពុជា និងមានទំនាក់ទំនងសហប្រតិបត្តិការការតភ្ជាប់ជើងហោះហើរ និងការដឹកជញ្ជួនល្អជាពិសេសគឺចំណងមិត្តភាពដ៏រឹងមាំជាយុទ្ឋសាស្ត្រ សហគមន៍ជោគវាសនារួមដែលបង្ហាញឱ្យឃើញកាន់តែច្បាស់ថាទីផ្សារទេសចរណ៍ចិនជាទីផ្សារអាទិភាពខ្ពស់បំផុតសម្រាប់អាស៊ានក៏ដូចជាកម្ពុជា។
មុនវិបត្តិជំងឺកូវីដ-១៩ នៅឆ្នាំ២០១៩ ទេសចរចិនបានចេញក្រៅប្រទេសមានប្រមាណ១៥៥លាននាក់ស្មើនឹង១០%នៃទេសចរពិភពលោក (១៥០០លាននាក់) នាំមកនូវចំណាយទេសចរណ៍ប្រមាណ២៥៨ប៊ីលានដុល្លារស្មើនឹង១ភាគ៥ នៃចំណាយទេសចរណ៍ពិភពលោក(១,៣ ទ្រីលានដុល្លារ)។ សម្រាប់តំបន់អាស៊ានក៏ទទួលបានទេសចរចិនចំនួន ៣២,២លាននាក់ ស្មើនឹង២២,៥%នៃទេសចរពិភពលោក ដែលក្នុងនោះថទទួលបាន១១លាននាក់, សិង្ហបូរីទទួលបាន៣,៤លាននាក់ និងម៉ាឡេស៊ីទទួលបាន៣,១លាននាក់។ ដោយឡែកទេសចរចិនមកកម្ពុជានៅឆ្នាំ២០១៨ មានជាង២,៣លាននាក់ស្មើនឹង៣៥,៧%នៃទេសចរអន្តរជាតិសរុប (៦,៦លាននាក់) គិតជាចំណូលស្មើប្រមាណ១ ៨០០លានដុល្លារអាមេរិចលើចំណូលទេសចរណ៍សរុបប្រមាណ៥ម៉ឺនលានដុល្លាររបស់កម្ពុជាខណៈដែល ឆ្នាំ២០១៩កម្ពុជាក៏ទទួលបានវិនិយោគគិនចិនលើវិស័យពាក់ព័ន្ធនឹងទេសចរណ៍ប្រមាណជាង៥០%ដើមទុនវិនិយោគបរទស (FDI)សរុបរបស់កម្ពុជា។
ប៉ុន្តែក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ-១៩ ឆ្នាំ២០២០-២០២២ ស្ថានភាពនៃទីផ្សារទេសចរណ៍ចិនមានការផ្លាស់ប្តូរយ៉ាងរហ័ស និងបានធ្លាក់ចុះយ៉ាងគំហុកទៅកាន់គ្រប់គោលដៅទេសចរណ៍ក្នុងពិភពលោកទាំងមូលដោយសារការដាក់ចេញនូវរបាំងនៃការធ្វើដំណើរចេញមកប្រទេសរបស់ចិន។ សម្រាប់ឆ្នាំ២០២៣ក្រោយវិបត្តិជំងឺឆ្លងកូវីដ-១៩បានធូរស្រាលស្របតាមនិន្នាការថ្មីៗនិងការណ៍ ដែលរដ្ឋាភិបាលចិនបានការអនុញ្ញាតឱ្យមានសកម្មភាពទេសចរណ៍ចេញក្រៅប្រទេសនិងការបើកទទួលទេសចរអន្តរជាតិឡើងវិញបានផ្ដល់នូវកាលានុវត្តភាពដល់បណ្ដាប្រទេសជាគោលដៅទេសចរណ៍នៅលើពិភពលោករួមទាំងកម្ពុជាក្នុងការស្វាគមន៍ទទួលទេសចរចិនឡើងវិញ។ កម្ពុជាមានសេចក្ដីរីករាយទទួលស្វាគមន៍ទេសចរចិនមកទស្សនាកម្ពុជាដោយឥតលក្ខខណ្ឌផ្នែកសុខាភិបាល ហើយកម្ពុជាក៏បានត្រៀមរួចជាស្រេចក្នុងការទទួលទេសចរចិន ក៏ដូចជាទេសចរអន្តរជាតិផ្សេងទៀតផងដែរដែរ។
រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងអនុវត្តយ៉ាងខ្ជាប់ខ្លួននូវការសម្រួលការធ្វើដំណើរដោយបានដកចេញរបាំងសុខាភិបាលតាំងពីក្នុងឆ្នាំ២០២២កន្លងមកនៅពេលដែលកម្ពុជាប្រកាសបើកប្រទេសឡើងវិញ។ សូមបញ្ជាក់ថា កម្ពុជាជាគោលដៅទេសចរណ៏ដ៏កក់ក្ដៅបំផុតដោយសារកម្ពុជាជាប្រទេសដែលបានទទួលនូវការវាយតម្លៃពីអង្គការសុខភាពពិភពលោកជាប្រទេសឈានមុខគេក្នុងការផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋទាំងមូសមូលដ្ឋាន និងដួលជំរុញច្រើនជាងគេ ដែលបង្កើតបាននូវភាពស៊ាំសហគមន៍យ៉ាងល្អហើយបើកប្រទេសឡើងវិញបើកសកម្មភាពសេដ្ឋកិច្ច-សង្គមមុនគេក្នុងតំបន់ដោយបានប្រកាន់ខ្ជាប់នូវគោលការណ៍ "រៀនរស់ជាមួយជំងឺកូវីដ-១៨តាមគម្តងប្រក្រតីភាពថ្មី" ។
ចំពោះទីផ្សារទេសចរចិនដោយអនុវត្តន៏តាមយុទ្ធសាស្ត្ររបស់អង្គការទេសចរណ៍ពិភពលោក (UNWTO) កម្ពុជាតែងតែបានយកចិត្តទុកដាក់ជំរុញយុទ្ធសាស្ត្រ និងផែនការសកម្មភាពជាច្រើនក្នុងការទាក់ទាញទេសចរចិនដូចជា យុទ្ឋសាស្ត្រ សៀវភៅស China- Ready សម្រាប់ឧស្សាហកម្មទេសចរណ៍កម្ពុជាក្នុងនោះមានបង្កើតក្រុមការងារមជ្ឈមណ្ឌល China-Ready Center ការបណ្តុះបណ្តាលភាសា និងវប្បធម៌ចិនដល់មន្ត្រី និងបុគ្គលិកពង្រឹងមគ្គុទ្ទេសក៏ទេសចរណ៍ភាសាចិនទាក់ទាញអ្នកវិនិយោគចិន ហេដ្ឋារចនាសម្ព័ន្ធគាំទ្រនានា និងពង្រឹងគុណភាពសេវាកម្មទេសចរណ៍កម្ពុជាត្រៀមទទួលទេសចរចិនលើសេវាកម្មចំនួន៧ (សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍, ភោជនីយដ្ឋាន, ការីទេសចរណ៍ និង ភ្នាក់ងារទេសចរណ៍, សេវាដឹកជញ្ជូនទេសចរណ៍, រមណីយដ្ឋាន, សេវាកម្សាន្តទេសចរណ៍ និងផ្សារទំនើប និងហាងលក់វត្ថុអនុស្សាវរីយ៍) និងលក្ខណៈវិនិច្ឆ័យចំនួន៥ (បុគ្គលិកជួរមុខចេះចិន និងយល់ពី China- Ready, មានការផ្សព្វផ្សាយតាមអនឡាញជាភាសាចិន, មានឯកសារផលិតផល និងផ្អាកសញ្ញាបកប្រែចិន, សេវាអតិថិជនឆ្លើយតបទីផ្សារចិន និងមានស្ដង់ដាគុណភាពសេវាកម្ម)។
ជាមួយការត្រឡប់មកវិញនៃទេសចរចិនកម្ពុជារំពឹងថា នឹងទទួលបានទេសចរអន្តរជាតិប្រមាណ៧លាននាក់នៅឆ្នាំ២០២៥ដូចការគ្រោងទុកក្នុងផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៨។ ក្រសួងទេសចរណ៍ស្ថាប័នពាក់ព័ន្ធ និងផ្នែកឯកជនក្នុងវិស័យទេសចរណ៍រីករាយ សូមស្វាគមន៍ និងបានត្រៀមខ្លួនរួចរាល់ជាស្រេចទទួលវិនិយោគិន និងទេសចរចិនជាមួយនឹងបដិសណ្ឋាកិច្ចរួសរាយរាក់ទាក់ដ៏កក់ក្តៅបំផុត៕