នេះជាការបញ្ជាក់របស់លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៅក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ ព្រះពុទ្ធបដិមាទ្រង់ព្រះភ្នែនដ៏ធំ និងខ្ពស់ជាងគេនៅលើពិភពលោក នាព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ ២០២៣ នៅលើខ្នងភ្នំបូកគោ ដែលពិធីនោះធ្វើឡើងក្រោមអធិបតីលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោនាយករដ្ឋមន្ត្រី។
អ្នកឧកញ៉ា សុខ គង់ បានអះអាងថា ការសាងសង់រូបសំណាកព្រះពុទ្ធបដិមាដ៏ធំនេះគឺដើម្បីធ្វើជាទីសក្ការៈបូជាសម្រាប់ប្រជាពលរដ្ឋខ្មែរក៏ដូចជាដើម្បីសុំសេចក្តីសុខចម្រើន ដល់ប្រជាពលរដ្ឋទាំងអស់នៅក្នុងតំបន់នេះក៏ដូចជានៅប្រទេសកម្ពុជាទាំងមូល។ ម្យ៉ាងទៀតព្រះពុទ្ធបដិមាដ៏ធំស្កឹមស្កៃនេះក៏ជាការជួយរួមចំណែកទ្រទ្រង់ដល់វិស័យព្រះពុទ្ធសាសនា និងការទាក់ទាញភ្ញៀវទេសចរណ៍ វប្បធម៌ ផងដែរ។ បើតាមអ្នកឧកញ៉ា គម្រោងការសាងសង់រូបសំណាកព្រះពុទ្ធបដិមាដ៏ធំនេះគ្រោងនឹងចំណាយថវិកាប្រមាណពី៣០ទៅ៤០លានដុល្លារ។
ចំណែកលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីបានលើកឡើងថា ព្រះពុទ្ធបដិមាលើកំពូលភ្នំបូកគោនេះនឹងក្លាយជាមជ្ឈមណ្ឌលទេសចរណ៍សាសនាដ៏ធំនៅកម្ពុជានិងពិភពលោក។ លោកថា ទន្ទឹមនឹងការអភិវឌ្ឍលើភ្នំបូកគោក្រុមហ៊ុនសុខាអូតែលបានយកចិត្តទុកដាក់លើវិស័យវប្បធម៌ ទំនៀមទម្លាប់ប្រពៃណី ដ៏ផូរផង់របស់ប្រជាពលរដ្ឋខ្មែរ ផងដែរ។ ព្រះពុទ្ធប្បដិមាដែលនឹងសាងសង់នេះមានកម្ពស់ខ្ពស់ជាងគេនៅកម្ពុជា និងខ្ពស់ជាងគេក្នុងចំណោមព្រះពុទ្ធបដិមានៅលើពិភពលោកផងដែរ។ ព្រះពុទ្ធប្បដិមានេះ នឹងក្លាយជាមជ្ឈមណ្ឌលទេសចរណ៍ព្រះពុទ្ធសាសនាដ៏ធំមួយនៅកម្ពុជា។
គួររំលឹកថា ព្រះពុទ្ធបដិមានេះសាងសង់នៅលើខ្នងភ្នំបូកគោ ដែលមាននីវ៉ូដីកម្ពស់៩៦២ម៉ែត្រពីផ្ទៃសមុទ្រក្នុងភូមិសាស្រ្តវាលស្រែ៥០០ និងឧទ្យានជាតិព្រះមុនីវង្សបូកគោ ដោយសាងសង់ពីបេតុងអាមេ មានពណ៌មាស ហើយគម្រោងសាងសង់នេះនឹងចំណាយថវិកាប្រមាណ៣០លានដុល្លារដោយប្រើរយៈពេល៤ឆ្នាំនេះបើតាមការឲ្យដឹងពីលោកស្រី សុខ ចន្ថា តំណាងក្រុមហ៊ុនសាងសង់សុខាអូតែល។
ព្រះពុទ្ធប្បដិមាបែរព្រះភក្រ្តទៅទិសខាងកើតមានកម្ពស់១០៨ម៉ែត្រពីនីវ៉ូ សូន្យ នៃខឿនផ្ទាល់ដីដល់កំពូលព្រះម៉ូលី ដែលតំណាងឱ្យមង្គលទាំង១០៨របស់ព្រះអង្គទ្រង់គង់ភ្នែននៅលើបល្ល័ង្កផ្កាឈូករាងរង្វង់តំណាងឱ្យវាលវដ្ដសង្សារដែលក្បាច់រចនារបស់ព្រះបល្ល័ង្កនេះយកតាមលំនាំនៃផ្នែកមួយរបស់ប្រាសាទដំរីក្រាបនៃរចនាបថភ្នំគូលែនក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី២នាសតវត្សរ៍ទី៩៕