លោកស្រីបណ្ឌិតសភារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីម្សិលមិញបានអញ្ជើញចូលរួមពិនិត្យស្នាដៃការហាត់សមរបស់សិល្បករសិល្បការិនីសម្រាប់ត្រៀមសម្ដែងសិល្បៈទស្សនីយភាពក្នុងពិធីមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ទិវាជ័យជម្នះ៧មករា ដែលនឹងរៀបចំឡើងនៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រនាថ្ងៃទី០៧ ខែមករា ខាងមុខ។ បើតាមលោកស្រីរដ្ឋមន្ត្រីក្រុមសិល្បៈដែលកំពុងហាត់សមនោះ គឺក្រុមសិល្បករ សិល្បការិនី នៃនាយកដ្ឋានសិល្បៈទស្សនីយភាព សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សាលាមធ្យមវិចិត្រសិល្បៈ និងក្រុមគុនល្បុក្កតោ នៃសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា។ ការពិនិត្យស្នាដៃការហាត់សមរបស់សិល្បករសិល្បការិនី និងកីឡាករ កីឡាការិនីនេះក៏មានការចូលរួមពីសំណាក់លោកបណ្ឌិត ទេព ងន ប្រធានគណៈកម្មការរៀបចំពិធីរបស់គណបក្សប្រជាជនកម្ពុជា ផងដែរ។
លោកស្រីបណ្ឌិតសភារ្យ ភឿង សកុណា បានឲ្យដឹងដែរថា សិល្បៈទស្សនីយភាពសម្រាប់យកមកសម្តែងក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ ទិវាជ័យជម្នះ ៧ មករា ឆ្នាំ២០២៣នេះ គឺបានសម្រិតសម្រាំងនូវសិល្បៈជាច្រើនទម្រង់បូកបញ្ចូលគ្នាដោយបានបង្ហាញពីភាពដ៏អស្ចារ្យ និងច្នៃប្រឌិតនៃដូនតាខ្មែរជំនាន់ដើមដូចជាវង់ភ្លេងកន្ត្រឹមមិញ របាំក្បាច់បុរាណ ក្បាច់គុនល្បុក្កតោ ក៏ដូចជាការបង្ហាញពីជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋតាមរយៈការបង្កបង្កើនផល ផ្នែកកសិកម្ម និងការអភិវឌ្ឍន៍ រីកចម្រើនលើគ្រប់វិស័យរបស់ប្រទេសកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។គួររំលឹកថា ពិធីមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ទិវាជ័យជម្នះ៧មករា នឹងប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រនាព្រឹកថ្ងៃទី០៧ ខែមករា ខាងមុខ ក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងថ្នាក់ដឹកនាំជាច្រើនរូបទៀត៕