តាមរយៈគោលនយោបាយ ដែលអនុញ្ញាតឲ្យប្រជាពលរដ្ឋធ្វើដំណើរទេសចរណ៍នៅកាន់បណ្តាប្រទេសនានាឡើងវិញប្រទេសកម្ពុជា នឹងក្លាយជាគោលដៅរបស់អ្នកទេសទេសចរណ៍សម្រាប់ប្រជាជនចិននៅពេលខាងមុខនេះ។ នេះបើតាមការបបញ្ជាប់របស់លោក វ៉ាង វិនធៀន (H.E. Mr. Wang Wentian) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជានៅក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ និងផ្លូវតភ្ជាប់នាព្រឹកថ្ងៃទី២ មករា ឆ្នាំ២០២៣ នេះ។ បើតាមលោក វ៉ាង វិនធៀន រដ្ឋាភិបាលចិនបានចាប់ផ្តើមបើកប្រទេសឡើងវិញ ហើយកម្ពុជាជាគោលដៅនៃការធ្វើដំណើរចេញក្រៅប្រទេសរបស់ចិនទាំងផ្នែកធុរកិច្ច និងទេសចរណ៍។
ឆ្លើយតបនឹងការលើកឡើងរបស់ឯកអគ្គរដ្ឋទូតចិននេះសម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កំណើនសេដ្ឋកិច្ចកម្ពុជានឹងស្ទុះឡើងតាមរយៈទេសចរចិនក្រោយពីរដ្ឋាភិបាលចិនបានបើកប្រទេសឡើងវិញ។ តាមរបាយការណ៍របស់រដ្ឋមន្រ្តីក្រសួងទេសចរណ៍នៅឆ្នាំ២០២២នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណជាង២លាននាក់។ សម្តេចរំពឹងថា ក្រោយចិនបើកប្រទេសឡើងវិញគ្រាន់តែទេសចរចិនមួយនឹងទទួលបានជាង២លាននាក់ ដោយមិនគិតទេសចរប្រទេសដទៃទៀត។ សម្ដេចតេជោសង្កត់ធ្ងន់ថា ប្រទេសណាតឹងតែងជាមួយចិនក៏តឹងតែងទៅចុះ តែកម្ពុជាមិនតម្រូវលក្ខខណ្ឌអ្វីឡើយប្រជាជនចិនអាចមកទស្សនាកម្ពុជាបានដធម្មតា។
បើតាមសម្តេចតេជោ ការបើកប្រទេសឡើងវិញរបស់ចិន នឹងក្លាយជាឱកាសល្អសម្រាប់វិនិយោគិនកម្ពុជា និងចិនបានជួបគ្នាដោយផ្ទាល់ដើម្បីពិភាក្សាការធ្វើធុរកិច្ច។ ការភ្ជាប់ទំនាក់ទំនងរវាងអ្នកធុរកិច្ចនៃប្រទេសទាំងពីរនេះនឹងជំរុញកិច្ចព្រមព្រៀងទ្វេភាគីឱ្យមានប្រសិទ្ធភាពលើការនាំចេញពីកម្ពុជាទៅកាន់ប្រទេសចិនជាពិសេសផលិតផលកសិកម្ម ដែលចិនជាទីផ្សារធំរបស់កម្ពុជា៕