ប្រជាពលរដ្ឋប្រមាណជាង៨ម៉ឺន៤ពាន់នាក់បានចូលរួមអបអរសាទរព្រឹត្តការណ៍ឆ្លងឆ្នាំ២០២២ឈានចូលឆ្នាំ២០២៣នៅតាមរមណីយដ្ឋាននានា។ ដោយឡែករដ្ឋបាលខេត្តត្បូងឃ្មុំ បានរៀបចំពិធីយ៉ាងគគ្រឹកគគ្រេងផងដែរក្រោមអធិបតីភាពលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តនិងមានការចូលរួមពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធយ៉ាងច្រើនកុះករ។ បើតាមរបាយការណ៍របស់លោក អឿន រិទ្ធ ប្រធានមន្ទីរទេសចរណ៍ខេត្តបានឲ្យដឹងថា នៅថ្ងៃឆ្លងឆ្នាំនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ នៅខេត្តត្បូងឃ្មុំ មានភ្ញៀវទេសចរមកកម្សាន្តតាមតំបន់រមណីយដ្ឋាននានាសរុបប្រមាណ៨៤,៦៨២នាក់ ស្រី៥៥,៣៣៨នាក់ បើធៀបនឹងឆ្នាំ២០២១ មានភ្ញៀវ២៥,៩៨៤នាក់កើនឡើង២២៥.៩ភាគរយ។ ក្នុងនោះមានតំបន់រមណីយដ្ឋាន៧ទីតាំង និងតំបន់រដ្ឋបាលខេត្តត្បូងឃ្មុំ មានភ្ញៀវមកកម្សាន្តច្រើនដោយសារមានស្តង់ពិព័រណ៍មុខម្ហូបអាហារខ្មែរការប្រគុំតន្រ្តីការប្រគួតកីឡាប្រដាល់គុណខ្មែរ និងការបាញ់កាំជ្រួចនាពេលរាត្រីផងដែរ។
តំបន់រមណីយដ្ឋានទាំងនោះ ទី១. រមណីយដ្ឋាន ទឹកធ្លាក់ហោង មានភ្ញៀវសរុប៤៥នាក់ ស្រី២០នាក់, ២. រមណីយដ្ឋាន ហ្លួងព្រះស្តេចកន មានភ្ញៀវសរុប៧០នាក់ ស្រី៤០នាក់ ទី៣. រមណីយដ្ឋាន ព្រះធាតុបាស្រី មានភ្ញៀវសរុប៣២នាក់ ស្រី១៦នាក់ ទី៤. រមណីយដ្ឋាន តាសែដូងក្រអូប មានភ្ញៀវសរុប២២០នាក់ ស្រី១២០នាក់ ទី៥. រមណីយដ្ឋាន អូក្តូង មានភ្ញៀវសរុប៦៥នាក់ ស្រី៤០នាក់ ទី៦. រមណីយដ្ឋាន បឹងក្រចាប់ មានភ្ញៀវសរុប២០នាក់ ស្រី១២នាក់ ទី៧. រមណីយដ្ឋាន ភូមិអភិវឌ្ឍន៍អន្លង់ជ្រៃ មានភ្ញៀវសរុប១១០នាក់ ស្រី៦០នាក់ ។ ចំណែក តំបន់រដ្ឋបាលខេត្តត្បូងឃ្មុំ មានភ្ញៀវសរុប៨៤,១២០នាក់ ស្រី៥៥,០៣០នាក់។ សូមបញ្ជាក់ថា នៅទូទាំងប្រទេសក្នុងថ្ងៃឆ្លងឆ្នាំសកល២ថ្ងៃ មានភ្ញៀវទេសចរប្រមាណ២លាននាក់ បានចេញកម្សាន្តតាមតំបន់រមណីយដ្ឋាននានាហើយតំបន់ដែលទទួលបានភ្ញៀវទេសចរច្រើនជាងគេគឺរាជធានីភ្នំពេញ ដែលមានរហូត៤៥៥,៨៣២នាក់បន្ទាប់មកគឺ ខេត្តព្រះសីហនុមានភ្ញៀវទេសចរសរុបចំនួន៣៣៨,៥៥២នាក់៕