ក្រចេះ៖ ស្ពានឆ្លងទន្លេមេគង្គស្ថិតក្នុងស្រុកចិត្របុរីឆ្ពោះទៅស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ត្រូវបានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបើកការដា្ឋនសាងសង់នាព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ ខណៈគម្រោងនេះ នឹងចំណាយពេលវេលាប្រមាណ៤២ខែ។ នៅក្នុងពិធីបើកការដា្ឋនសាងសង់នេះសម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធគឺជាអាទិភាពដែលសម្ដេចយកចិត្តទុកដាក់ខណៈស្ពានឆ្លងទន្លេមេគង្គនៅខេត្តក្រចេះគឺជាស្ពានវែងជាងគេក្នុងចំណោមស្ពានដទៃទៀតដែលរដ្ឋាភិបាលចិនបានជួយកសាង។ ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានស្នើសុំដល់រដ្ឋាភិបាលចិនឲ្យជួយកសាងផ្លូវផ្សារភ្ជាប់ទៅព្រំដែនឡាវ ដែលជាសំណូមពររបស់ប្រជាពលរដ្ឋនៅខេត្តក្រចេះ ដែលតភ្ជាប់ពីខាងកម្ពុជាទៅខាងប្រទេសឡាវ ដែលជាច្រករបៀងនៅក្នុងក្របខ័ណ្ឌ CLMV និងក្របខ័ណ្ឌអាស៊ានផងដែរ។
របាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គខេត្តក្រចេះ និងផ្លូវតភ្ជាប់នេះមានប្រវែងសរុបប្រមាណ ៣៣,៤៥គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៧ (រង្វង់មូលខ្លាស្ទុះ) ទៅផ្លូវជាតិលេខ៦០B ដែលនឹងត្រូវសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គប្រវែង១៧៦១ម៉ែត្រ ដែលត្រើយខាងកើត ស្ថិតត្រង់ឃុំបុសលាវស្រុកចិត្របុរី និងត្រើយខាងលិចត្រង់ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ និងមានផ្លូវតភ្ជាប់ទៅក្រុងក្រចេះមានប្រវែងប្រមាណ ៣១,៦៩គីឡូម៉ែត្រ។ ស្ពានឆ្លងទន្លេមេគង្គ និងផ្លូវតភ្ជាប់នេះជាផ្នែកមួយនៃផ្លូវជាតិលេខ៦០B តភ្ជាប់ពីខេត្តក្រចេះ ទៅខេត្តកំពង់ធំព្រមទាំងដើរតួជាប្រព័ន្ធដឹកជញ្ជូនដ៏សំខាន់រវាងផ្លូវជាតិលេខ៦ លេខ៧ លេខ៧១ និងលេខ៧៣ ផងដែរ៕