ភ្នំពេញ៖ រាជធានីភ្នំពេញបានក្លាយជាគោលដៅដែលមានអ្នកទេសចរដើរកម្សាន្តច្រើនជាងគេនាអំឡុងថ្ងៃពិធីបុណ្យឆ្លងឆ្នាំសកលខណៈក្នុងពិធីនេះមានអ្នកទេសចរ ប្រមាណ២លាននាក់បានដើរកម្សាន្តតាមគោលដៅនានា។ តាមរបាយការណ៍ពីក្រសួងទេសចរណ៍បានឱ្យដឹងថា នៅទូទាំងប្រទេសទទួលបានភ្ញៀវសរុបប្រមាណ២,០២២,៩២០នាក់ ក្នុងនោះភ្ញៀវជាតិ២,០០៦,១១៧នាក់ និងភ្ញៀវបរទេស១៦,៨០៣នាក់។
ក្រសួងបញ្ជាក់ឱ្យដឹងថា គោលដៅទេសចរណ៍សំខាន់ៗមួយចំនួនរួមមាន៖ រាជធានីភ្នំពេញមានចំនួន៤៥៥,៨៣២នាក់, ខេត្តព្រះសីហនុចំនួន៣៣៨,៥៥២នាក់ និងខេត្តសៀមរាបចំនួន៣៣៧,៧៦៩នាក់ និងតាមបណ្ដាខេត្តគោលដៅចំនួន៥ផ្សេងទៀតខណៈតួលេខខាងលើមានការកើនឡើង៧៦.៦៥% ធៀបនឹងពិធីឆ្លងឆ្នាំសកល២០២២កន្លងទៅ។ ក្រសួងទេសចរណ៍បានលើកឡើងដែរថា ចំពោះរាជធានីភ្នំពេញមានប្រជាពលរដ្ឋប្រមាណជាង៤៥ម៉ឺននាក់បានដើរកម្សាន្តនៅគោលដៅសំខាន់ៗដូចជានៅតំបន់កោះពេជ្រ មាត់ទន្លេមុខព្រះបរមរាជវាំង តំបន់កម្សាន្តជ្រោយចង្វារ តំបន់វិមានឈ្នះឈ្នះ និងពហុកីឡដ្ឋានមេរតកតេជោជាដើម៕