ភ្នំពេញ៖ នយោបាយអាទិភាព៤យ៉ាងត្រូវបានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាចាត់ទុកជានយោបាយដែលត្រឹមត្រូវ ហើយអាចប្រើសម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជាបានយូរអង្វែង។ មានប្រសាសន៍ក្នុងពិធីបើកការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវនៅខេត្តកំពត នាព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានមានប្រសាសន៍ថា នយោបាយអាទិភាពទាំង៤យ៉ាង (ទឹក ផ្លូវ ភ្លើង និងមនុស្ស) នៅតែជានយោបាយមួយដែលត្រឹមត្រូវសម្រាប់ការអភិវឌ្ឍនៅកម្ពុជាយ៉ាងតិចរយៈពេល៣០ឆ្នាំទៅមុខទៀត។
នៅក្នុងពិធីនេះសម្តេចតេជោ បានមានប្រសាសន៍រំលឹកថា បើគ្មានរដ្ឋប្រហារទម្លាក់សម្តេចនរោត្តម សីហនុ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ទេនោះកម្ពុជានឹងមានការអភិវឌ្ឍ និងរីកចម្រើនខ្លាំងបំផុតមកដល់ពេលនេះ។ ជាមួយគ្នានេះសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ទាក់ទងទៅនឹងទិវារំលឹកខួប២៤ឆ្នាំ ថ្ងៃដាក់ចេញនូវនយោបាយឈ្នះ-ឈ្នះដែរថា មានថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ នៃការដាក់ចេញនយោបាយឈ្នះឈ្នះទើបធ្វើឱ្យកម្ពុជាមានព្រះមហាក្សត្រតែមួយរាជរដ្ឋាភិបាលតែមួយកងកម្លាំងតែមួយ និងការគ្រប់គ្រងតែមួយ៕