កំពត៖ រាជរដ្ឋាភិបាលកម្ពុជា នឹងរៀបចំបំពាក់ឧបករណ៍អគ្គិភ័យដើម្បីការពារតាមអគារខ្ពស់ៗក្រោយពេលមានករណីអគ្គិភ័យឆេះកាស៊ីណូ ហ្គ្រេនដាយម៉ិនស៊ីធី នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បង្កឱ្យមានអ្នកស្លាប់ និងរបួសជាច្រើននាក់។ មានប្រសាសន៍ក្នុងពិធីបើកការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវនៅខេត្តកំពតនាព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានចាត់ទុកករណីអគ្គិភ័យនៅក្រុងប៉ោយប៉ែតថាជាសោកនាដកម្មមួយនៅចុងឆ្នាំ២០២២។សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍លើកឡើងថា រាជរដ្ឋាភិបាល នឹងបន្តរៀបចំបំពាក់ការពារអគារខ្ពស់ដោយត្រូវតែមានរថយន្តពន្លត់អគ្គិភ័យសម្រាប់អគារខ្ពស់ៗ ។
សម្តេចនាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងបញ្ជាក់ដែរថា អាជ្ញាធរបានស្វែងរកឃើញសាកសពមួយចំនួនទៀតដោយតាមការប៉ាន់ស្មាន អាចមានអ្នកស្លាប់ប្រមាណ១៦នាក់។ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានស្នើឲ្យរៀបចំសណ្ដាប់ធ្នាប់ ដើម្បីដំណើរការច្រកទ្វារប៉ោយប៉ែតឲ្យមានប្រក្រតីភាពឡើងវិញជាមួយនឹងការខិតខំរុករកជនរងគ្រោះ។ សូមបញ្ជាក់ថា កាស៊ីណូ ហ្គ្រេនដាយម៉ិនស៊ីធី នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានរងការឆាបឆេះ កាលពីអំឡុងម៉ោង ១២:០០នាទីយប់ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២។អាជ្ញាធរកំពុងស៊ើបអង្គេតខណៈសពដែលរងគ្រោះត្រូវបានតំកល់ទុកបណ្តោះអាសន្ននៅវត្តស្រះត្រាចដើម្បីកំណត់អត្តសញ្ញាណហើយអ្នករបួសត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ៕