នាវាទេសចរណ៍ខ្នាតយក្សមួយគ្រឿង ដែលមានបណ្តោយប្រវែង២១,៥០ម៉ែត្រទទឹង២៨ម៉ែត្រ និងជម្រៅ៦,៧០ម៉ែត្រ មាននាវិកចំនួន៤៣២នាក់ និងភ្ញៀវទេសចរណ៍ចំនួន ៣៩៥នាក់ សរុបចំនួន៨២៧នាក់ មកពីប្រទេសថៃ បានចូលចតនៅកំពង់ផែក្រុងព្រះសីហនុនាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២នេះ។ នាយប៉ុស្តិ៍នគរបាលច្រកទ្វារកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ បានប្រាប់អ្នកសារព័ត៌មានថា នាវាទេសចរណ៍មួយគ្រឿងនេះ ឈ្មោះ SEABOURN ENCORE សញ្ជាតិ BAHAMAS បានធ្វើដំណើរពីប្រទេសថៃ ចូលមកសុំចត នៅកំពង់ផែស្វយ័តអន្ដរជាតិក្រុងព្រះសីហនុ នៅថ្ងៃនេះ ដើម្បីធ្វើទសនកិច្ចនៅក្រុងព្រះសីហនុ ហើយនាវានេះ នឹងចាកចេញទៅវិញបន្ដឆ្ពោះទៅប្រទេសវៀតណាម នៅថ្ងៃដដែលនេះ។ ការមកដល់របស់នាវាដឹកភ្ញៀវទេសចរន៏នេះ ក៏មានការអញ្ជើញទទួលស្វាគមន៍ពីលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ហើយនេះគឺជាកប៉ាល់ទេសចរណ៍ដ៏ធំទី១ ដែលបានចូលចតកំពង់ផែអន្តរជាតិខេត្តព្រះសីហនុបន្ទាប់ស្ងប់ស្ងាត់ការឆ្លងរាលដាលជម្ងឺកូវីដ១៩។
លោក ហួត ហ៊ុយ នាយករដ្ឋបាលសាលាខេត្តព្រះសីហនុបានប្រាប់ឱ្យដឹងនៅថ្ងៃនេះថា នេះជានាវាទេសចរណ៍ទី១ ដែលបានចូលចតនៅកំពង់ផែអន្តរជាតិខេត្តព្រះសីហនុសម្រាប់ឆ្នាំ២០២២បន្ទាប់ពីស្ងប់ស្ងាត់ការឆ្លងរាលដាលនៃជម្ងឺកូវិដ១៩។ តាមកម្មវិធីនាវាទេសចរណ៍ឈ្មោះ SEBOURN ENCORE នេះនឹងចាកចេញទៅវិញនៅម៉ោង៨យប់ថ្ងៃដដែល។ គួររំលឹកថា នាវាទេសចរណ៍ចូលចតនៅកំពងផែអន្តរជាតិខេត្តព្រះសីហនុនេះកើតមានឡើងបន្ទាប់ពីប្រទេសកម្ពុជាបានទទួលរៀបចំវេទិកាទេសចរន៍អាស៊ានលើកទី៤០ឆ្នាំ ២០២២ ដែលរួមមានកិច្ចប្រជុំស្ថាប័នទេស ចរណ៍ជាតិអាស៊ាន NTO កិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន និងការតាំងពិព័រណ៍ទេសចរណ៍កាលពីពាក់កណ្តាលខែមករា ឆ្នាំ២០២២ និងមហាសន្និបាតក្លឹបឆ្នេរសមុទ្រស្អាតដាច់គេលើលោកត្រូវបានធ្វើឡើងនៅខេត្តព្រះសីហនុ កាលពីដើមខែធ្នូ នេះរួចមកហើយចំនួនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិបានចាប់ផ្តើមកើនឡើងវិញជាបន្តបន្ទាប់ជាពិសេសបន្ទាប់ពីការបើកឱ្យប្រើប្រាស់ផ្លូវល្បឿនលឿនភ្នំពេញព្រះសីហនុ៕