បន្ទាយមានជ័យ៖ របាយការណ៍បឋមបានឱ្យដឹងថា យ៉ាងហោចណាស់មានមនុស្សចំនួន១០នាក់បានស្លាប់ និង៣០នាក់ទៀតបានរងរបួសក្នុងករណីអគ្គិភ័យឆេះកាស៊ីណូហ្រ្គេនដាយមិន (Grand Diamond City) ក្នុងភូមិប៉ោយប៉ែត សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោង១២:០០នាទីយប់ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២។ ស្នងការនគរបាលខេត្តបន្ទាយមានជ័យលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានឱ្យដឹងនៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២នេះថា រហូតមកដល់ព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ អគ្គិភ័យនៅមិនទាន់រលត់នៅឡើយទេហើយកងកម្លាំងពាក់ព័ន្ធកំពុងបន្តជួយអន្តរាគមន៍នៅកន្លែងកើតហេតុ។
ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានឱ្យដឹងដែរថា សមត្ថកិច្ចបានប្រើប្រាស់កម្លាំងសរុប៣៦០នាក់ រថយន្តពន្លត់អគ្គិភ័យ១១គ្រឿង ខណៈជនរងគ្រោះមួយចំនួនត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ យ៉ាងណាក៏ដោយមកទល់ព្រឹកថ្ងៃដដែលនេះសមត្ថកិច្ចពុំទាន់អាចបញ្ជាក់អំពីមូលហេតុ ដែលអគ្គិភ័យឆាបឆេះកាស៊ីណូហ្រ្គេនដាយមិនបាននៅឡើយទេតែកំពុងធ្វើការស្រាវជ្រាវ៕