ទីក្រុងកំពត ដែលជាទីក្រុងជាប់មាត់សមុទ្រមួយរបស់ព្រះរាជាណាចក្រកម្ពុជានឹងត្រូវរៀបចំវាយតម្លៃជាទីក្រុងទេសចរណ៍គ្មានផ្សែងបារីនៅខែក្រោយនេះហើយនេះបើតាមផែនការរបស់ក្រុមការងារបរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍ ដែលបានលើកឡើងនៅក្នុងកិច្ចប្រជុំមួយស្តីពីការរៀបចំទីក្រុងកំពតជាទីក្រុងទេសចរណ៍គ្មានផ្សែងបារីកាលពីព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ ២០២២ នេះ។ ថ្លែងនៅក្នុងកិច្ចប្រជុំនោះលោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍បានលើកទ្បើងថា កិច្ចប្រជុំនោះមានគោលបំណងជួយលើកកម្ពស់ការយល់ដឹង និងលើកទឹកចិត្តឲ្យមានការចូលរួមពីគ្រប់ផ្នែកទាំងអស់ដើម្បីការពារសុខុមាលភាពរបស់ប្រជាជន ភ្ញៀវទេសចរ ការពារ និងទប់ស្កាត់ការរងផ្សែងផលិតផលថ្នាំជក់ដែលបង្កឲ្យមានហានិភ័យសុខភាពដល់អ្នកនៅជុំវិញ បរិស្ថាន និងកាត់បន្ថយផលប៉ះពាល់ដល់សុខភាពសេដ្ឋកិច្ចសង្គមនិងបរិស្ថានដែលបណ្តាលមកពីផលិតផលថ្នាំជក់តាមរយៈការផ្សព្វផ្សាយ និងការជំរុញអនុវត្តច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ និងលិខិតបទដ្ឋានគតិយុត្តិនានាព្រមទាំងសេចក្តីណែនាំ ស្តីពីបរិស្ថានគ្មានផ្សែងបារី ។
បើតាមលោក ហោ សារុន កិច្ចប្រជុំនឹងជួយទាញការចាប់អារម្មណ៍របស់យើងទាំងអស់គ្នាឲ្យមានការយកចិត្តទុកដាក់បន្ថែមទៀតក្នុងការកសាងបរិស្ថានមួយ ដែលគ្មានផ្សែងបារីដើម្បីខេត្តកំពតក្លាយជាគោលដៅទេសចរណ៍ស្អាត បៃតង និងមានសុវត្ថិភាព និងជាគោលដៅនៃការរៀបចំព្រឹត្តិការណ៍ជាតិនិងអន្តរជាតិធំៗជាពិសេសពិធីបុណ្យសមុទ្រ ដែលនឹងរៀបចំធ្វើជាម្ចាស់ផ្ទះនៅឆ្នាំបន្តបន្ទាប់តាមរង្វិលជុំ។ លោករដ្ឋលេខាធិការអះអាងថា ដើម្បីជំរុញទីក្រុងកំពតជាទីក្រុងទេសចរណ៍គ្មានផ្សែងបារីយើងត្រូវចូលរួមអនុវត្តតាមផែនការអនុវត្តគោលការណ៍ណែនាំស្តីពីការរៀបចំទីក្រុងកំពតជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី។
សូមបញ្ជាក់ថា តាមផែនការនៅខែក្រោយនេះក្រុមការងារបរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍ នឹងវាយតម្លៃការអនុវត្តបរិស្ថានគ្មានផ្សែងបារីនៅតាមមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍នានាក្នុងក្រុងកំពតដើម្បីរៀបចំបែបបទពេញលេញ ក្នុងការបញ្ចូលទីក្រុងកំពតជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី និងទទួលស្គាល់ពីសម្ព័ន្ធត្រួតពិនិត្យថ្នាំជក់អាស៊ីអាគ្នេយ៍ផងដែរ៕