ព្រះសីហនុ៖ ជនសង្ស័យចំនួន៥នាក់ រួមនឹងវត្ថុតាងមួយចំនួនត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុបញ្ជូនខ្លួនទៅអយ្យការអមសាលាដំបូងខេត្ដពាក់ព័ន្ធនឹងករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់។ ជនសង្ស័យទាំង៥នាក់មានឈ្មោះ៖ ១/ ឈ្មោះ ស៊ុន ផាកន ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ, ២/ ឈ្មោះ YAO SING WEN ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិចិន, ៣/ ឈ្មោះ MIN SHI LIANG ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិចិន, ៤/ ឈ្មោះ ZHANG XIN ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិចិន និងទី៥/ ឈ្មោះ ចាន់ រាំបូ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ។
របាយការណ៍របស់កងរាជអាវុធហត្ថ ខេត្តព្រះសីហនុ បានឱ្យដឹងថា ជនសង្ស័យទាំងនេះ មានពាក់ព័ន្ធនឹងករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចហាងស៊ុប យីហោ ប៉ៃ វៃ ស៊ាង ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ ទៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ សូមបញ្ជាក់ដែរថា នៅក្នុងប្រតិបត្តិការ ស្រាវជ្រាវ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖
១/ ទូរស័ព្ទដៃ ចំនួន៦គ្រឿង, ២/ អាយភេត ចំនួន១គ្រឿង, ៣/ លិខិតឆ្លងដែនជនជាតិចិន ចំនួន៤ច្បាប់, ៤/ បង់អាវុធខ្លី ចំនួន១គ្រាប់ចំនួន២, ៥/ នាឡិកាដៃ ចំនួន១គ្រឿង, ៦/ ចិញ្ចៀនលោហធាតុពណ៌ប្រាក់, ៧/ កាតផ្សេងៗមួយចំនួន, ៨/ កាបូបស្ពាយ ចំនួន១និងរថយន្តចំនួន១គ្រឿង ម៉ាកហាយឡេនដឺ ពណ៌ក្រហម ពាក់ស្លាកលេខព្រះសីហនុ 2B-7978៕