សហគមន៍អេកូទេសចរណ៍កោះសាមសិបមានទីតាំងស្ថិតក្នុងភូមិកោះខ្ញែរ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ។ ក្រៅពីបណ្តុំកោះរាប់រយ កោះ៣០គ្របដណ្តប់ដោយព្រៃឈើពណ៌បៃតង ទឹកហូរចែកជាជួរៗ កោះខ្សាច់ដ៏ស្រស់ស្អាត ព្រៃលិចទឹក ជិះទូកកំសាន្តតាមជ្រលងកោះគយគនសម្រស់ធម្មជាតិដ៏ស្រស់បំព្រងស្វែងយល់ពីការរស់នៅដោយលក្ខណៈប្រពៃណីប្រចាំថ្ងៃរបស់សហគមន៍ និងវប្បធម៌របស់ជនជាតិដើមភាគតិច ជិះទូកកាយ៉ាក់ បោះតង់ មើលថ្ងៃលិចថ្ងៃរះ ងូតទឹកថ្លាឆ្វង់ និងនេសាទត្រី។ទេសចរណ៍មើលសត្វស្លាប និងថតរូបសត្វស្លាបនៅកោះ៣០ អ្នកទេសចរណ៍មិនគួរមើលរំលងនោះឡើយ។ ការទស្សនាសត្វស្លាប និងថតរូបសត្វស្លាបនឹងធ្វើឲ្យលោកទេសចរណ៏ទទួលបាននូវអារម្មណ៍មួយប្លែកមិនធ្លាប់ជួបលើសពីប្រភេទេសចរណ៍ដ៏ទៃទៀត។
របាយការណ៍ពីសហគមន៍បានឲ្យដឹងថា កោះ៣០មានសត្វស្លាបព្រៃ និងសត្វស្លាបទឹកប្រមាណ១៩០ប្រភេទដែលកំពុងមានវត្តមាននៅទីនោះ ដែលអ្នកទេសចរណ៍អាចទស្សនាកំសាន្ត និងស្វែងយល់បន្ថែមពីប្រភេទសត្វស្លាបនិមួយៗនៅទីនោះ។ ក្នុងនោះប្រភេទសត្វស្លាបកម្រ និងជិតផុតពូជក៏មានវត្តមាននៅកោះ៣០ដែរ។ លើសពីនេះប្រភេទសត្វស្លាបមួយចំនួន ដែលតំបន់ផ្សេងមិនមាន ឬពិបាកស្វែងរកក៏មានវត្តមាននៅកោះ៣០នោះដែរ។ សត្វស្លាបទាំងនោះមានដូចជា៖ ត្រយងចង្កំកស រំពេរទន្លេ ជង្គង់ក្រាស់ចំពុះខ្មៅ ត្រដក់តូច ត្រដេវវិចទន្លេ ក្ងោកបៃតង ស្តេចកូលីត ត្រចៀកកាំកន្ទុយខ្សែ និងប្រភេទសត្វស្លាបដែលមានពណ៍ស្រស់ស្អាតច្រើនប្រភេទទៀត។ ដូចច្នេះ បើភ្ញៀវទេសចរណ៍ទៅលេងកោះ៣០សូមកុំភ្លេចបញ្ចូលទេសចរណ៍មើលសត្វស្លាប ឬថតរូបសត្វស្លាបក្នុងកញ្ចប់ទេសចរណ៏។
ដោយឡែកសេវាកម្មសហគមន៍នៅទីនោះមានដូចជា ម្ហូបអាហារ, ផ្ទះស្នាក់សហគមន៍, បោះជំរុំតង់, អ្នកនាំភ្ញៀវ, ជួលទូក និងកង់ជាដើម។ នៅទីនោះភ្ញៀវទេសចរណ៍នឹងទទួលបានបទពិសោធន៍នៃការស្នាក់នៅផ្ទះស្នាក់សហគមន៍, បោះជំរុំតង់លើកោះឆ្នេរខ្សាច់សក្បុសតាមដងទន្លេ, ជិះកង់ទៅមើលសត្វស្លាប, ដំណើរកំសាន្តតាមទូកគយគន់ទេសភាពព្រៃលិចទឹក និងថ្ងៃលិចដ៏ស្រស់ស្អាត, ស្វែងយល់ពីវប្បធម៌ជនជាតិដើមភាគតិច, នេសាទត្រីលក្ខណៈប្រពៃណីប្រចាំថ្ងៃជាមួយសហគមន៍, រាវចាក់ច្រែង និងជីកចង្រឹងដូងខ្សាច់ និងចម្អិនផ្ទាល់, ដើរកំសាន្តក្នុងព្រៃសហគមន៍ព្រៃឈើ និងព្រៃលើកោះរងាវ, ទស្សនាសត្វស្លាបប្រមាណ២១៨ប្រភេទជាពិសេសសត្វស្លាបកម្រជិតផុតពូជ, រីករាយជាមួយឆ្នេរខ្សាច់សក្បុសនារដូវប្រាំង និងហែលទឹកថ្លាឆ្វេង។
សូមបញ្ជាក់ថា សហគមន៍អេកូទេសចរណ៍កោះ៣០ត្រូវបានផ្តួចផ្តើមបង្កើតឡើងនៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៦ និងត្រូវបានបោះឆ្នោតជ្រើសរើសគណៈកម្មការដឹកនាំសហគមន៍នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ ក្រោមការសម្របសម្រួលដោយ អង្គការកម្មវិធីផ្លាស់ប្តូរអនុផលព្រៃឈើកម្ពុជា (NTFP-EP) នឹងមានកិច្ចសហការពីអាជ្ញាធរឃុំ និងមន្ទីរទេសចរណ៍ខេត្តក្រោមកម្មវិធីដៃគូលើវិស័យព្រៃឈើ និងជលផល (PaFF)។ សហគមន៍នេះមានចម្ងាយប្រមាណ៩៥គីឡូម៉ែត្រតាមបណ្តោយផ្លូវជាតិលេខ៧ ពីទីរួមខេត្តក្រចេះ ទៅខេត្តស្ទឹងត្រែង និងចម្ងាយប្រមាណ៦៥គីឡូម៉ែត្រ ពីទីរួមខេត្តស្ទឹងត្រែងទៅខេត្តក្រចេះ។ តំបន់នេះមានចម្ងាយ៣៥០គីឡូម៉ែត្រពីរាជធានីភ្នំពេញ៕