ភ្នំពេញ ៖ ជនសង្ស័យប្រមាណ១២០០០នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅក្នុងរង្វង់ប្រតិបត្តិការបង្រ្កាបគ្រឿងញៀនជាង៦០០០ករណី នៅទូទាំងប្រទេសនារយៈពេលជិត១២ខែ ក្នុងឆ្នាំ២០២២ ខណៈនគរបាលជំនាញបានប្ដេជ្ញានឹងបង្ក្រាបបទល្មើសនេះ ឲ្យដល់ឫសគល់។ តាមរបាយការណ៍ពីមន្ទីរប្រឆាំងគ្រឿងញៀននៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឱ្យដឹងថា រយៈពេលជិត១២ខែ នាឆ្នាំ២០២២នេះ នគរបាលប្រឆាំងបទល្មើសគ្រឿងញៀនបានចុះបង្ក្រាបករណីគ្រឿងញៀនសរុបចំនួន៦,១៦១ករណី។
របាយការណ៍ដដែលបានលើកឡើងថា នៅក្នុងរង្វង់ប្រតិបត្តិការនេះដែរសមត្ថកិច្ចបានឃាត់ខ្លួនអ្នកពាក់ព័ន្ធបានចំនួន១២,៤២៣(ជនបរទេស២៥៩នាក់ ស្រី៣៣នាក់ មាន៩សញ្ជាតិ)ដោយដកហូតបានសារធាតុញៀនគ្រប់ប្រភេទសរុប១៤តោន ៥០៤គីឡូ ០៨.៦៦ក្រាម។ លោកឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀននៃអគ្គស្នងការដ្ឋាននគរបាលជាតិបានបញ្ជាក់អំពីការប្ដេជ្ញាចិត្តខ្ពស់ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន និងបង្ក្រាបបទល្មើសនេះឲ្យដល់ឫសគល់ស្របតាមអនុសាសន៍របស់ថ្នាក់ដឹកនាំ។
សូមបញ្ជាក់ថា នាពេលថ្មីៗនេះ អគ្គស្នងការដ្ឋាន នគរបាលជាតិ បានដាក់ចេញទិសដៅចំនួន៤ចំណុចជាយុទ្ឋសាស្រ្តដើម្បីឈានដល់ការបង្រ្កាបករណីជួញដូរគ្រឿងញៀន ឱ្យបានជោគជ័យខណៈនិន្នាការនៃការផលិតការចរាចរជួញដូរគ្រឿងញៀនខុសច្បាប់ជាសកលជាពិសេសគ្រឿងញៀនសំយោគដែលកំពុងមានការកើនឡើង៕