ភ្នំពេញ៖ បណ្ដាខេត្តចំនួន៤នៅតំបន់ខ្ពង់រាបនឹងបន្តចុះត្រជាក់រហូតដល់១៥អង្សាសេខណៈបណ្ដារាជធានីខេត្តផ្សេងទៀតក៏ចុះត្រជាក់កម្រិតមធ្យម និងខ្សោយដោយសារកម្ពុជា បន្តទទួលរងឥទ្ធិពលពីទ្រនុងនៃសម្ពាធខ្ពស់ (ចិន) នៅក្នុងកម្រិតបង្ហូរ និងខ្យល់មូសុងឦសាន្តក្នុងកម្រិតមធ្យម។ យោងតាមការឱ្យដឹងពីក្រសួងធនធានទឹក និងឧតុនិយមបានឱ្យដឹងនៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២នេះថា កម្រិតនៃការចុះត្រជាក់នេះ នឹងបន្តចាប់ពីថ្ងៃទី២៨ ខែធ្នូ រហូតដល់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣។ ក្រសួងបានបញ្ជាក់ថា ស្ថានភាពបែបនេះនឹងធ្វើឲ្យតំបន់ទំនាបកណ្តាល មានសីតុណ្ហភាពអប្បបរមាពី១៨-២២ អង្សាសេ និងសីតុណ្ហភាពអតិបរមាមានពី២៨-៣២ អង្សាសេ ហើយធាតុអាកាសចុះត្រជាក់ក្នុងកម្រិតមធ្យម ។
ជាមួយគ្នានេះ នៅតំបន់ខ្ពង់រាបសីតុណ្ហភាពអប្បបរមាមានពី១៥-១៩អង្សាសេ និងសីតុណ្ហភាពអតិបរមាមានពី២៨-៣២អង្សាសេ ហើយធាតុអាកាសចុះត្រជាក់ក្នុងកម្រិតបង្គួរ ខណៈខេត្តមណ្ឌលគិរី ខេត្តរតនគិរី ខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ សីតុណ្ហភាពអប្បបរមា មានក្នុងរង្វង់១៥-១៧អង្សាសេនាពេលព្រឹក និងយប់ ។ ក្រសួងបានបញ្ជាក់ដែរថា នៅតំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមា មានពី១៩-២២អង្សាសេ និងសីតុណ្ហភាពអតិបរមាមានពី២៩-៣២អង្សាសេ ហើយអាកាសធាតុចុះត្រជាក់ក្នុងកម្រិតខ្សោយ៕