សហគមន៍ទេសចរណ៍បាគងភូមិខ្ញុំ គឺជាគោលដៅទេសចរណ៍មួយក្រៅពីតំបន់ប្រាសាទនានានៅខេត្តសៀមរាប ដែលអ្នកទេសចរណ៍អាចអញ្ជើញកម្សាន្តជាមួយទេសចរណ៍ជាច្រើនប្រភេទព្រមទាំងអាចទទួលទានអាហារយ៉ាងឈ្ងុយឆ្ងាញ់ពិសារ។ ជាពិសេសនៅថ្ងៃចុងសប្ដាហ៍នៅពេលបច្ចុប្បន្ននៅសហគមន៍ទេសចរណ៍បាគងភូមិខ្ញុំ មានលក់មុខម្ហូប និងនំបែបខ្មែរមានដូចជា៖ ណែមស្រស់, នំបញ្ចុកសម្លខ្មែរ, នំបញ្ចុកសម្លការី ដែលបន្ថែមលើមុខម្ហូបបច្ចុប្បន្នដែលមានរសជាតិឈ្ងុយឆ្ញាញ់ អមដោយការប្រគុំតន្រ្តីសម័យ ដ៏ពិរោះរណ្តំទៀតផង។ បើតាមព័ត៌មានសហគមន៍រហូតមកដល់ពេលនេះសហគមន៍ទេសចរណ៍បាគងភូមិខ្ញុំមានបន្ថែមការ៉េមដូងរសជាតិឆ្ងុយឆ្ងាញ់ទៀតផង។
បើតាមក្រសួងទេសចរណ៍បានឱ្យដឹងថា នៅទីនោះ មានសេវាកម្មជាច្រើនដូចជា៖
ការជិះទូកលេងនៅលើផ្ទៃទឹកដ៏ធំចំកណ្តាលសហគមន៍, ការជិះរទេះគោដើរលេងគយគន់ទេសភាពតាមជនបទ និងទស្សនាពីជីវិតរស់នៅរបស់ប្រជាជននៅក្នុងសហគមន៍, ការជិះឡាន Jeep ដើរលេងតាមប្រាសាទជាច្រើន ដែលមាននៅក្នុងស្រុកប្រាសាទបាគងដូចជា៖ ប្រាសាទបាគង ប្រាសាទព្រះគោ ប្រាសាទលលៃ និងប្រាសាទព្រៃមន្ទីរជាជាដើម, មានកន្លែងសម្រាប់បោះតង់ ស្ទួចត្រី អាំងសាច់ ដុតក្រឡាន ដុតពោត ដំឡូង និងច្រៀងលេងកម្សាន្ត, មានសេវាកម្ម ថតតែងសម្លៀកបំពាក់បុរាណខ្មែរជាច្រើនម៉ូត, ក្រៅពីនេះខាងសហគមន៍ក៏មានទទួលរៀបចំនូវកម្មវិធីជប់លៀងតូចធំផ្សេងៗផងដែរ។ លោក សូត្រ សួរ ប្រធានសហគមន៍ទេស ចរណ៍បាគងភូមិខ្ញុំបានឱ្យដឹងថា គោលបំណង នៃការបង្កើតសហគមន៍ទេសចរណ៍នេះឡើងគឺ
១- ដើម្បីជំរុញសក្ដានុពលទេសចរណ៍នៅតំបន់ប្រាសាទបាគងតាមរយៈការតភ្ជាប់ទំនាក់ទំនងការទស្សនាប្រាសាទ និងទេសភាពជនបទសំដៅទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្តឱ្យបានច្រើនឡើង។
ទី២- ដើម្បីជំរុញលើកទឹកចិត្តប្រជាពលរដ្ឋមូលដ្ឋានក្នុងការបង្កើតផលិតផលកសិកម្ម បន្លែ ផ្លែឈើ ចិញ្ចឹមសត្វយកសាច់ និងផលិតផលអនុស្សាវរីយ៍ក្នុងមូលដ្ឋានដើម្បីលក់ជូនភ្ញៀវទេសចរបង្កើនចំណូលផ្ទាល់លើកកម្ពស់ជីវភាពសហគមន៍កាត់បន្ថយភាពក្រីក្រ និងចំណាកស្រុក។
ទី៣- ដើម្បីលើកកម្ពស់អនាម័យ និងបរិស្ថានស្អាតក្នុងសហគមន៍ចូលរួមជំរុញ និងអនុវត្តចលនា "ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ និងផ្ដល់ភាពកក់ក្ដៅ"។
បើតាមលោក សូត្រ សួរ សហគមន៍ទេសចរណ៍បាគងភូមិខ្ញុំ បានបង្កើតឡើងតាំងពីឆ្នាំ២០១០មកម្ល៉េះ។ មកដល់ពេលបច្ចុប្បន្នសហគមន៍មានសេវាកម្មទេសចរណ៍ និងសេវាកម្មម្ហូបអាហារជាច្រើនសម្បូរបែប ក្នុងនោះមានដូចជា ម្ហូបអាហារ ភេសជ្ជៈ តូបអង្គុយជុំវិញមាត់ទឹក ជិះទូកកម្សាន្ត សួនកម្សាន្តសម្រាប់កុមារ បោះតង់ ទស្សនាការតាំងឧបករណ៍បុរាណទស្សនាកម្មវិធីទេសចរណ៍វប្បធម៌ប្រចាំថ្ងៃ ស្ទួចត្រី ដាក់បង្កៃ ដាក់មង ឆ្លុះត្រីពេលយប់ អាំងត្រី-សាច់ ដុតពោត-ដំឡូង ទិញបន្លែ ផ្លែឈើ វត្ថុអនុស្សាវរីយ៍ និងកសិផលរបស់ប្រជាពលរដ្ឋមូលដ្ឋាន។ ក្រៅពីនេះសហគមន៍ក៏មានរៀបចំកម្មវិធីកម្សាន្តជាច្រើនទៀតនៅពេលរដូវបុណ្យទានម្ដងៗដូចជា ការសម្ដែងក្បាច់គុនល្បក្កតោ ចាប៉ី ល្ខោន យីកេ របាំ ដែលសុទ្ធតែជាអត្តសញ្ញាណវប្បធម៌របស់ប្រជាជាតិខ្មែរតាំងពីបុរាណកាលមក។ សូមបញ្ជាក់ថា សហគមន៍ទេសចរណ៍បាគងភូមិខ្ញុំមានទីតាំងស្ថិតនៅភូមិថ្នល់ត្រង់ ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប ចូលតាមផ្លូវទៅប្រាសាទ បាគង នៅខាងកើតប្រាសាទបាគង៕