ដើម្បីអបអរសាទរពិធីបុណ្យឆ្លងឆ្នាំ និងចូលឆ្នាំសកល២០២៣ ខេត្តសៀមរាប នឹងមានរៀបចំកម្មវិធីជិះទូកកំសាន្តដែលប្រព្រឹត្តិទៅរយៈពេល៨ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣។ ពិធីសប្បាយៗទាំងអស់នេះ នឹងរៀបចំនៅតាមបណ្ដោយស្ទឹងសៀមរាប ចាប់ពីស្ពានថ្មមន្ទីរទេសចរណ៍ចាស់ដល់ស្ពានថ្មវត្តដំណាក់ ដោយក្នុងនោះមានកម្មវិធីកម្សាន្ត សប្បាយជាច្រើនរួមមាន: ការជិះទូកកំសាន្តតាមដងស្ទឹងសៀមរាប, ការតាំងពិព័រណ៍, កម្មវិធីផ្សារទឹក, កម្មវិធីប្រគុំតន្រ្តី និងផាប់ស្រ្ទីតជាដើម។ បើតាមអាជ្ញាធរខេត្តសៀមរាប ការរៀបចំកម្មវិធីនេះក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិចូលរួមកម្សាន្តសប្បាយដើម្បីស្វែងយល់ពីវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី របស់ប្រជាពលរដ្ឋខ្មែរ ក៍ដូចជាជួយដល់សេដ្ឋកិច្ចប្រជាពលរដ្ឋក្នុងខេត្តសៀមរាបផងដែរ៕