ភ្នំពេញ៖ ជនសង្ស័យចំនួន៥៥នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន១៨ករណីនៅទូទាំងប្រទេស កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២។ យោងតាមរបាយការណ៍ពីអគ្គស្នងការដ្ឋាននគរបាលជាតិបានឱ្យដឹងថា ក្នុងចំណោមជនសង្ស័យទាំងចំនួន៥៥នាក់ដែលសមត្ថកិច្ចបានឃាត់ខ្លួនក្នុងនោះរួមមាន៖ ការជួញដូរ៩ករណីឃាត់ខ្លួន១៨នាក់(ស្រី១នាក់), ដឹកជញ្ជូនរក្សាទុក៤ករណី ឃាត់ខ្លួន៤នាក់(ស្រី១នាក់),ប្រើប្រាស់៥ករណីឃាត់ខ្លួន៣៣នាក់(ស្រី៤នាក់) ។
របាយការណ៍ដដែលបានបញ្ជាក់ថា ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចដកហូតវត្ថុតាងរួមមាន៖ មេតំហ្វេតាមីន (Ice)ទម្ងន់ ៦០,១១ក្រាម និង២កញ្ចប់តូច,កេតាមីន (Ke)ទម្ងន់ ២៣៩,៥៨ក្រាម។ សូមបញ្ជាក់ដែរថា នាពេលថ្មីៗនេះអគ្គស្នងការដ្ឋាននគរបាលជាតិបានដាក់ចេញទិសដៅចំនួន៤ចំណុចជាយុទ្ឋសាស្រ្តដើម្បីឈានដល់ការបង្រ្កាបករណីជួញដូរគ្រឿងញៀនឱ្យបានជោគជ័យខណៈនិន្នាការនៃការផលិតការចរាចរជួញដូរគ្រឿងញៀនខុសច្បាប់ជាសកលជាពិសេសគ្រឿងញៀនសំយោគដែលកំពុងមានការកើនឡើង៕