ក្រសួងទេសចរណ៍ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០២២ នេះបានធ្វើសេចក្តីជូនដំណឹងមួយដល់សាធារណជនក៏ដូចជាប្រតិបត្តិករទេសចរណ៍ក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ទាក់ទងនិងព័ត៌មាន ដែលតម្រូវឲ្យភ្ញៀវទសចរ បញ្ជាក់ពីចំនួនទឹកប្រាក់យកតាមខ្លួនមុនចូលមកព្រះរាជាណាចក្រកម្ពុជា។ ក្រសួងទេសចរណ៍បញ្ជាក់ថា
ទី១. រាជរដ្ឋាភិបាលកម្ពុជា មិនមានគោលនយោបាយណាមួយតម្រូវឲ្យភ្ញៀវទេសចរមានសាច់ប្រាក់តាមខ្លួនចំនួន១.០០០ (មួយពាន់) ឬ២.០០០ (ពីរពាន់) ដុល្លារ ដើម្បីអាចចូលមកព្រះរាជាណាចក្រកម្ពុជានោះទ។
ទី២. ការសាកសួរភ្ញៀវទេសចរអំពីចំនួនទឹកប្រាក់យកតាមខ្លួនគឺជាសមត្ថកិច្ចរបស់មន្ត្រីជំនាញ ដែលមានសមត្ថកិច្ចនៅច្រកទ្វារអន្តរជាតិ ដែលត្រូវធ្វើឡើងតែចំពោះករណីសង្ស័យមួយចំនួនតែ ប៉ុណ្ណោះមិនប្រកាន់ភ្ញៀវទេសចរជនជាតិណាឡើយនិងមិនធ្វើឡើងជាទូទៅគ្រប់ភ្ញៀវទេសចរទាំងអស់នោះទេ។
ទោះជាយ៉ាងណាក្រសួងទេសចរណ៍បានលើកទឹកចិត្តឲ្យភ្ញៀវទេសចរទាំងអស់គោរពតាមលក្ខខណ្ឌតម្រូវរបស់ប្រទេសកម្ពុជា ហើយស្វាគមន៍គ្រប់ភ្ញៀវទេសចរទាំងអស់មកទស្សនាកម្ពុជា។ សេចក្តីជូនដំណឹងនេះធ្វើឡើងដោយយោងតាមកិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួងដើម្បីសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនភ្ញៀវទេសចរ និងអ្នកដំណើរនៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិទូទាំងប្រទេសកាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅ។
គួររំលឹកថា សេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍បានឡើងក្រោយពីសមាគមន៍ទីភ្នាក់ងារទេសចរណ៍កម្ពុជា CATA ដែលមានបណ្តាញក្រុមហ៊ុនទេសចរណ៍ជិត៣០០ក្រុមហ៊ុនបានរាយការណ៍ថា មានភ្ញៀវទេសចរឥណ្ឌាក្រុមតូចមកពីដាណាំង និងហាណូយប្រទេសវៀតណាមត្រូវធ្វើដំណើរតាមជើងយន្តហោះកម្ពុជាអង្គរអ៊ែរ K6 ចូលមកកម្ពុជានៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ត្រូវបានមន្ត្រីអន្តោប្រវេសន៍របស់ប្រទេសវៀតណាមស្នើឲ្យបង្ហាញសាច់ប្រាក់ម្នាក់ៗ២០០០ដុល្លារអាមេរិក៕