ភ្នំពេញ៖ ក្រុមជនសង្ស័យចំនួន៩នាក់ ដែលតែងតែធ្វើសកម្មភាពប្លន់ម៉ូតូយ៉ាងសកម្មក្នុងភូមិសាស្ត្ររាជធានីភ្នំពេញត្រូវបានសមត្ថកិច្ចធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជាបន្តបន្ទាប់។ របាយការណ៍របស់ស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញបានឱ្យដឹងថា ការស្រាវជ្រាវរហូតដល់ការឃាត់ខ្លួននេះបានធ្វើឡើងរយៈពេល២ថ្ងៃ តាំងពីថ្ងៃទី២០ និងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ នៅមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូល។
មន្ត្រីជំនាញបានឲ្យដឹងថា ក្រុមជនសង្ស័យមានគ្នាជាង១០នាក់ បានធ្វើសកម្មភាពយ៉ាងសកម្មក្នុងភូមិសាស្ត្ររាជធានីភ្នំពេញមូលដ្ឋានខណ្ឌជាយៗក្រុងជាពិសេសមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូលដោយពួកគេបានធ្វើសកម្មភាពវាយប្លន់ ធាក់ប្លន់ ម៉ូតូពីជនរងគ្រោះជាច្រើនករណីបានសម្រេចកន្លងមក។
តាមចម្លើយសារភាពរបស់ជនសង្ស័យបានឱ្យដឹងថា ពួកគេបានធ្វើសកម្មភាពប្លន់ប្រដាប់ដោយអាវុធខ្លីមួយដើមម៉ាកកា៥៩ ជិះម៉ូតូចំនួន៣គ្រឿង ធ្វើសកម្មភាពប្លន់ប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រខណ្ឌកំបូល និងខណ្ឌពោធិ៍សែនជ័យ។ បច្ចុប្បន្នក្រុមជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនខ្លួនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕