ព្រះសីហនុ៖ កងរាជអាវុធហត្ថខេត្តព្រះសីហនុបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យចំនួន១០នាក់ រួមនឹងវត្ថុតាងសារធាតុញៀនទម្ងន់ជាង១តោន ទៅកាន់អយ្យការអមសាលាដំបូងខេត្តកាលពីរសៀល ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២។ របាយការណ៍របស់បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ខេត្តព្រះសីហនុ បានឱ្យដឹងថា ប្រតិបត្តិការស្រាវជ្រាវបង្រ្កាបមុខសញ្ញាពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនលក្ខណ:ទ្រង់ទ្រាយធំនេះមានការចូលរួមពីតំណាងស្ថាប័នអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ខេត្តសៀមរាប ខេត្តស្វាយរៀង ខេត្តបន្ទាយមានជ័យ រួមនឹងកម្លាំងជំនាញកងរាជអាវុធហត្ថលើផ្ទៃប្រទេស ខេត្តសៀមរាប ខេត្តស្វាយរៀង ខេត្តបន្ទាយមានជ័យ និងកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនអស់រយ:ពេល១០ថ្ងៃ។
ជនសង្ស័យទាំង១០នាក់ ក្នុងនោះជនបរទេសចំនួន៧នាក់, ជនជាតិខ្មែរចំនួន៣នាក់ និងចាប់យកវត្ថុតាងសារធាតុញៀន (កេតាមីន) ទម្ងន់សរុប១.១៣៣គីឡូ ៧៨៩,១១ក្រាម ព្រមទាំងវត្ថុតាងពាក់ព័ន្ធមួយចំនួនធំទៀត។ សូមបញ្ជាក់ដែរថា ប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀនដ៏ធំនេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចឃ្លាំងជួលមួយកន្លែងស្ថិតនៅក្រុម៩ ភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ៕