មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៣ បានបិទបញ្ចប់ហើយ កាលពីល្ងាចថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាពលោក ហាប់ ទូច រដ្ឋលេខាធិការតំណាងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: និងមានការចូលរួមពី លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ អន្តរជាតិព្រមទាំងផលិតករ សិល្បករជាង៦០០នាក់។ តាមរបាយការណ៍ពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានឲ្យដឹងថា ភាពយន្តដែលទទួលបានពានរង្វាន់ក្នុងមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៣នេះមាន៖
ទី១, ពានមាស បានទៅលើភាពយន្តរឿង "ជីវិតស្នេហាសុខសាន្ត" ដឹកនាំរឿងដោយ កញ្ញា សុធា អុីណេស។
ទី២, ពានប្រាក់ បានទៅលើភាពយន្តរឿង "ក្តីស្រឡាញ់" ដឹកនាំរឿងដោយ លោក សាង ច័ន្ទវិសាល។
ទី៣. ពានសំរឹទ្ធ បានទៅលើភាពយន្តរឿង "ក្តារចុក" ដឹកនាំរឿងដោយ លោក វង្ស បញ្ហាវ័ន្ត។
ទី៤, ពានរង្វាន់ពិសេសរបស់មេប្រយោគ បានទៅលើភាពយន្តរឿង "ឆ្ងាយដាច់អាល័យ" ដឹកនាំរឿងដោយ លោក លី ប៉ូឡែន។
ទី៥, ពានរង្វាន់មាតិការឿងល្អ បានទៅលើភាពយន្តរឿង "សំឡេងរាត្រី" ដឹកនាំរឿងដោយលោក សុខ ចាន់រ៉ាដូ និងលោក វ៉ាន់ គង្គា។
ទី៦, ពានអ្នកដឹកនាំវ័យក្មេង បានទៅលើភាពយន្ត "ប៊ិចសរសេរ" ដឹកនាំរឿងដោយ លោក សុង ហេមគីរី។
ទី៧, ពានបច្ចេកទេស បានទៅលើភាពយន្តរឿង "ស្រទាប់ផ្កា" ដឹកនាំរឿងដោយ លោក មឿន សូសុខហេង។
ទី៨, ពានទស្សនិកជនគាំទ្រ បានទៅលើភាពយន្តរឿង "ស្នេហ៍ឆ្លងវេលា" ដឹកនាំរឿងដោយ លោក គឹម អានសុផាស័ក្តិ។
គួររំលឹកថា មហោស្រពភាពយន្តខ្នាតខ្លីលើកទី៣ ឆ្នាំ២០២២ ត្រូវបានបើកកាលពីល្ងាចថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាពលោក សោម សុគន្ធ រដ្ឋលេខាធិការប្រចាំការ តំណាងលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួង វប្បធម៌ និងវិចិត្រសិល្បៈដោយមានការចូលរួមយពីអ្នកពាក់ព័ន្ធយ៉ាងច្រើន។ ពិធីបើកមហោស្រពនេះធ្វើឡើងក្រោមប្រធានបទ "ភាពយន្តខ្នាតខ្លី ឆ្ពោះទៅភាពយន្តខ្នាតវែង" នៅសាលសន្និសីទចតុមុខ។
បើតាមលោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មហោស្រពភាពយន្តខ្នាតខ្លី គឺជាយន្តការចាំបាច់ក្នុងការលើកទឹកចិត្តដល់យុវជនដើម្បីបញ្ចេញនូវគំនិតច្នៃប្រឌិតព្រមទាំងបទពិសោធន៍ដើម្បីឲ្យពួកគេក្លាយជាអ្នកនិពន្ធដ៏ល្អហើយមហោស្រពនេះក៏ដើម្បីបើកឱកាសឲ្យយុវជន យុវនារី បញ្ចេញនូវទេពកោសល្យ សមត្ថភាព ដើម្បីផលិតស្នាដៃភាពយន្តរបស់ខ្លួនយកមកប្រកួតប្រជែងថ្នាក់ជាតិ។ លោកថា ពីមួយឆ្នាំទៅមួយឆ្នាំមហោស្របភាពយន្តខ្នាតខ្លីបានក្លាយទៅចំណុចប្រសប់យ៉ាងសំខាន់ក្នុងការផ្សារភ្ជាប់យុវជនកម្ពុជាគ្រប់មជ្ឈដ្ឋានជាមួយនឹងបទពិសោធន៍ថ្មីៗក្នុងវិស័យភាពយន្ត ហើយក៏ជាវេទិកាអប់រំ បំផុសគំនិត បំផុសទេពកោសល្យច្នៃប្រឌិតក្នុងការផលិតភាពយន្តនៅប្រទេសកម្ពុជាផងដែរ។
ថ្លែងនៅក្នុងពិធីបិទមហោស្រពនោះ លោក ហាប់ ទូច បានកោតសរសើរចំពោះផលិតករទាំងអស់ ដែលបានយកស្នាដៃក៏ដូចជាខ្សែភាពយន្តដើម្បីចូលរួមប្រកួតប្រជែងក្នុងមហោស្រពនេះ។ ជាមួយគ្នានោះលោកបានរំលឹកឲ្យ ផលិតករភាពយន្ត ទាំងអស់ត្រូវយកចិត្តទុកដាក់លើការតែងនិពន្ធអត្ថបទភាពយន្តពីព្រោះប្រសិនបើអត្ថបទត្រូវបានកែលម្អនោះគុណភាពភាពយន្តជាពិសេសឧស្សាហកម្មភាពយន្តក៏វិវត្តន៍ឈានឡើងផងដែរ៕