ភ្នំពេញ ៖ របាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈបានឱ្យដឹងថា ការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកកាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ត្រូវបានរកឃើញមានយានយន្តល្មើសរហូតដល់៤០១គ្រឿង។ របាយការណ៍ដដែលបានឱ្យដឹងបន្តថា កាលពីថ្ងៃទី២០ ខែធ្នូ សមត្ថកិច្ចបានដាក់គោលដៅសរុបចំនួន១៦០គោលដៅ ដោយក្នុងនោះមានយានយន្តចូលគោលដៅចំនួន៥២០គ្រឿង, ម៉ូតូចំនួន៤៣៣គ្រឿងហើយរកឃើញយានយន្តល្មើសសរុបចំនួន៤០១គ្រឿង ដោយមានម៉ូតូចំនួន៣៣៣គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩.អនក្រ.បកនៅទូទាំងប្រទេស ។
ជាមួយគ្នានេះ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈបានបញ្ជាក់ឱ្យដឹងបន្ថែមថា ក្នុងរយៈពេល២០ថ្ងៃ (ថ្ងៃទី០១-២០ ខែធ្នូ) ការរឹតបន្ដឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកគឺយានយន្តចូលគោលដៅមានចំនួន៣០.៩២៧គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន៦.៩២១គ្រឿង, ម៉ូតូមានចំនួន៦.០៨១គ្រឿង ត្រូវបានផាកពិន័យ។ ទោះបីយ៉ាងណាក៏ដោយរបាយការណ៍ដដែលបានវាយតម្លៃថា រយៈពេល២០ថ្ងៃកន្លងមកនេះការអនុវត្តតាមអនុក្រឹត្យការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់៕