ភ្នំពេញ៖ មេតុងទីនអនឡាញឈ្មោះ អឿន ម៉ូលីកា ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញចេញដីកាឃុំខ្លួនដាក់ពន្ធនាគារព្រៃសជាបណ្តោះអាសន្នកាលពីរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២។ ជនត្រូវចោទឈ្មោះ អឿន ម៉ូលីកា អាយុ២៧ឆ្នាំមានទីលំនៅផ្ទះលេខ១០ ក្នុងបុរីវ៉ារីណា ស្ថិតនាសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ត្រូវបានចោទប្រកាន់ពីបទរំលោភលើទំនុកចិត្ត (មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន) ករណីចេញមូលប្បទានប័ត្រអត់សាច់ប្រាក់ (សែកស្អុយ)។
សូមបញ្ជាក់ថា មេតុងទីនអនឡាញឈ្មោះ អ្នកនាង អឿន ម៉ូលីកា ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញចុះឃាត់ខ្លួនកាលពីរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ ពាក់ព័ន្ធករណីមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន (សែកស្អុយ)។ ការចាប់ខ្លួននេះធ្វើឡើងតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញានៃអយ្យកាអមសាលាដំបូងរាជធានីភ្នំពេញលេខ៥៦៣ អ.យ.ក ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២៕