ព្រះសីហនុ៖ ផ្ទះប្រជាពលរដ្ឋនៅក្នុងខេត្តព្រះសីហនុចំនួនជាង២០០០ខ្នងបានរងការដួលរលំ និងខូចខាតដោយសារខ្យល់កន្ត្រាក់កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ ខណៈកម្ពុជា កំពុងទទួលរងនូវសម្ពាធខ្ពស់ពីចិនធ្លាក់យ៉ាងគំហុគមកក្រោមជាមួយនឹងខ្យល់មូសុងបក់ក្នុងល្បឿនខ្លាំង ។ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុបានឱ្យដឹងនៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២នេះថា មកដល់ព្រឹកនេះមានខ្នងផ្ទះ ដែលបានរងគ្រោះដោយខ្យល់កន្ត្រាក់នៅស្រុកព្រៃនប់មានរហូតដល់២០៤៩ខ្នងផ្ទះ ដោយក្នុងនោះផ្ទះដែលដួលរំលំទាំងស្រុងមានចំនួន២៩ខ្នង ។
លោកអភិបាលខេត្តព្រះសីហនុបានឱ្យដឹងបន្តថា នៅក្នុងគ្រោះធម្មជាតិនេះបានបណ្ដាលឱ្យមនុស្សចំនួន២នាក់បានរងរបួសហើយអាជ្ញាធរនឹងចុះជួយពួកគាត់ក្នុងពេលឆាប់ៗនេះផងដែរ។ សូមបញ្ជាក់ថា ចាប់ពីថ្ងៃទី១៨-២០ ខែធ្នូ ឆ្នាំ២០២២ កម្ពុជាទទួលរងឥទ្ធិពលទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិនបណ្ដាលឱ្យខ្យល់មូសុងបក់ក្នុងល្បឿនខ្លាំង។ ឥទ្ធិពលនេះបណ្ដាលឱ្យធាតុអាកាសចុះត្រជាក់ខ្លាំងដល់១៥អង្សាសេជាពិសេសតាមបណ្តាខេត្តនៅតំបន់ភ្នំ និងជាប់ជួរភ្នំដងរែកព្រមទាំងតំបន់ខ្ពង់រាបភាគឦសាន៕