ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ បានប្រារព្ធរៀបចំនូវព្រឹត្តិការណ៍រាត្រីសមោសរសប្បុរសធម៌នៅបរិវេណប្រាសាទបាយ័ន ខេត្តសៀមរាប ដែលពិធីនេះរៀបចំឡើងក្រោមអធិបតីភាពលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
រាត្រីសមោសរសប្បុរសធម៌ ដែលបានប្រារព្ធរៀបចំនៅលើទឹកដីអង្គរដ៏ពិសិដ្ឋនេះធ្វើឡើងក្នុងគោលបំណងដើម្បីចូលរួមអបអរសាទរខួប៣០ឆ្នាំ នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។ ព្រឹត្តិការណ៍នេះក៏រៀបចំឡើងដើម្បីស្វែងរកថវិកាឧបត្ថម្ភគាំទ្រដល់មន្ទីរគន្ធបុប្ផាតាមរយៈការលក់សំបុត្រចូលទស្សនាការសម្ដែងសិល្បៈទស្សនីយភាពជាច្រើនទម្រង់ជាមួយនឹងការទទួលទានអាហារពេលល្ងាចដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំរបស់ក្រសួង-ស្ថាប័នក្នុងប្រទេសក្រុមការងារអង្គការយូណេស្កូអ្នកជំនាញការអន្តរជាតិ និងដៃគូអន្តរជាតិនៃគម្រោងផ្សេងៗនៅតំបន់រមណីយដ្ឋានអង្គរ និងបណ្ដាវិស័យក្រុមហ៊ុនឯកជន។
ហើយជាលទ្ធផលទទួលបានថវិកាចំនួន៨២,៧០៣ដុល្លារអាមេរិក។ សិល្បករសិល្បការិនីក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធជាច្រើននាក់ដែលអញ្ជើញមកពីសាលាមធ្យមវិចិត្រសិល្បៈ នាយកដ្ឋានសិល្បៈទស្សនីយភាពក្លឹបសិល្បៈវប្បធម៌ ឱម យុវណ្ណឌី ក្រុមព្រះសូរិយាសហព័ន្ធយុទ្ធក្រមខមសាលាគុណល្បុក្កតោជ័យតេជៈ សមាគមលក្ខណ៍រ៉ៃយុងល្បុក្កតោ ក្រុមភ្លេងបុរាណទេពបុទុមវង្ស និងក្រុមល្បុក្កតោពេជ្រចរណៃបានខិតខំរួមគ្នាបង្កើតបាននូវផ្ទាំងសិល្បទស្សនីយភាពមួយដ៏អស្ចារ្យ បង្ហាញឱ្យឃើញនូវវប្បធម៌ អរិយធម៌ដ៏សម្បូរបែប និងវិសេសវិសាលបំផុតរបស់បុព្វបុរសខ្មែរយើង៕