នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកាលពីល្ងាចថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ បានបើកមហោស្រពភាពយន្តខ្នាតខ្លីលើកទី៣ ឆ្នាំ២០២២ ក្រោមប្រធានបទ "ភាពយន្តខ្នាតខ្លី ឆ្ពោះទៅភាពយន្តខ្នាតវែង" ដែលមហោស្រពនេះត្រូវបានរៀបចំឡើងនៅសាលសន្និសីទចតុមុខក្រោមអធិបតីភាពលោក សោម សុគន្ធ រដ្ឋលេខាធិការប្រចាំការ តំណាងលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ ដោយមានការចូលរួមយពីអ្នកពាក់ព័ន្ធយ៉ាងច្រើន។ បើតាមលោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈមហោស្រពភាពយន្តខ្នាតខ្លីគឺជាយន្តការចាំបាច់ក្នុងការលើកទឹកចិត្តដល់យុវជនដើម្បីបញ្ចេញនូវគំនិតច្នៃប្រឌិតព្រមទាំងបទពិសោធន៍ដើម្បីឲ្យពួកគេក្លាយជាអ្នកនិពន្ធដ៏ល្អ ហើយមហោស្រពនេះក៏ដើម្បីបើកឱកាសឲ្យយុវជន យុវនារី បញ្ចេញនូវទេពកោសល្យ សមត្ថភាព ដើម្បីផលិតស្នាដៃភាពយន្តរបស់ខ្លួនយកមកប្រកួតប្រជែងថ្នាក់ជាតិ។
លោកថា ពីមួយឆ្នាំទៅមួយឆ្នាំមហោស្របភាពយន្តខ្នាតខ្លីបានក្លាយទៅចំណុចប្រសប់យ៉ាងសំខាន់ក្នុងការផ្សារភ្ជាប់យុវជនកម្ពុជាគ្រប់មជ្ឈដ្ឋានជាមួយនឹងបទពិសោធន៍ថ្មីៗក្នុងវិស័យភាពយន្ត ហើយក៏ជាវេទិកាអប់រំបំផុសគំនិត បំផុសទេពកោសល្យច្នៃប្រឌិត ក្នុងការផលិតភាពយន្តនៅប្រទេសកម្ពុជាផងដែរ។ លោក ប៉ុក បូរក្ស អះអាងថា នៅឆ្នាំ២០២២ នេះដោយមានការអនុញ្ញាតជាគោលការណ៍ពីក្រសួងវប្បធម៌នាយកដ្ឋានភាពយន្តក៏បានបើកវគ្គបណ្ដុះបណ្ដាលខ្លីៗដែលជាមូលដ្ឋាននៃការសរសេរអត្ថបទនិពន្ធភាពយន្តដឹកនាំរឿងនិងជំនាញថតភាពយន្តផងដែរ។ លោកបន្តថា មហោស្រពភាពយន្តឆ្នាំនេះបានកំណត់ខ្លឹមសារគោលក្នុងការជ្រើសរើសចូលរួមប្រកួតប្រជែង ដែលមានប្រធានបទ២គឺ វប្បធម៌ ការអភិវឌ្ឍសង្គម និងភាពច្នៃប្រឌិតក្នុងការបង្កើតថ្មី។
លោកបញ្ជាក់ថា មហោស្រព្យនេះគណៈកម្មការទទួលបានស្នាដៃចំនួន៣៥ដើម្បីចូលរួម ហើយសម្រាប់ជ័យលាភីមានពានរង្វាន់ធំៗចំនួន៣ និងពានរង្វាន់លើកទឹកចិត្តចំនួន៥។ ចំណែកលោក សោម សុគន្ធ រដ្ឋលេខាធិការប្រចាំការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានថ្លែងថា មហោស្រពនេះបានវិលត្រឡប់មកវិញក្រោយពីជំងឺកូវីដ១៩បានស្ងប់ស្ងាត់ក្រោមវិធានការរបស់រាជរដ្ឋាភិបាល ហើយនេះគឺជាការវិលត្រឡប់ប្រកបដោយមោទនភាពសម្រាប់យុវជនកសាងស្នាដៃ។ លោកថា ចាប់តាំងពីការបង្កើតឡើងនៅឆ្នាំ២០១៦ មហោស្រពភាពយន្តខ្នាតខ្លីនេះ បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការបង្កើតស្នាដៃថ្មីប្រកបដោយសមត្ថភាព និងទេព កោសល្យក្នុងវិស័យភាពយន្តសម្រាប់នាពេលបច្ចុប្បន្ន និងអនាគត។
យុវជនទាំងអស់បានចូលរួមយ៉ាងសកម្មនៅក្នុងការចូលរួមបង្កើតស្នាដៃភាពយន្តប្រកបដោយភាពច្នៃប្រឌិត និងប្រកបដោយអត្ថន័យមានខ្លឹមសារអប់រំ សីលធម៌ ការពារអត្តសញ្ញាណជាតិ ដែលបញ្ហាទាំងនេះមិនត្រឹមតែជួយអភិវឌ្ឍន៍ឧស្សាហកម្មភាពយន្តតែប៉ុណ្ណោះទេថែមទាំងបានចូលរួមយ៉ាងសំខាន់ក្នុងការថែរក្សាការពារទំនៀមទម្លាប់ ប្រពៃណីវប្បធម៌ ដ៏ថ្លៃថ្នូររបស់ខ្មែរទៀតផង។ បើតាមលោក សោម សុគន្ធ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះឧស្សាហកម្មភាពយន្តកម្ពុជាមានភាពល្អប្រសើរទាំងកម្រិតគុណភាពបច្ចេកទេសការសម្ដែង ហើយធ្វើការប្រកបដោយវិជ្ជាជីវៈដែលធ្វើឲ្យចំនួនភាពយន្តមានការកើនឡើងយ៉ាងច្រើន។ សូមបញ្ជាក់ថា មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៣ ឆ្នាំ២០២២ រៀបចំចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ដែលមានស្នាដៃភាពយន្តខ្នាតខ្លីចំនួន៣៥ចំណងជើងបានដាក់ចូលរួមប្រកួតប្រជែង ព្រមទាំងចាក់បញ្ចាំងជូនសាធារណជនទស្សនាដោយសេរីនៅរោងភាពយន្តចំនួន៨ ក្នុងរាជធានីភ្នំពេញ៕