សូមណែនាំមកកាន់ EctoLife ទីបរិក្ខារផ្តល់ស្បូនសិប្បនិម្មិតដំបូងគេបំផុតនៅលើពិភពលោក។ ដំណើរការទាំងស្រុងរបស់វាត្រូវបានគាំទ្រឡើងដោយថាមពលកកើតឡើងវិញ។ EctoLife អនុញ្ញាតឱ្យគូស្វាមីភរិយាដែលមិនអាចមានកូនដោយខ្លួនឯងអាចក្លាយជាឪពុកម្តាយជីវសាស្រ្តពិតប្រាកដរបស់កូនពួកគេបាន។ វាជាដំណោះស្រាយដ៏ល្អឥតខ្ចោះសម្រាប់ស្ត្រីដែលមានស្បូនត្រូវបានវះកាត់យកចេញដោយសារជំងឺមហារីក ឬផលវិបាកផ្សេងៗ។ ជាមួយEctoLife ការសម្រាលកូនមិនគ្រប់ខែ និងការសំរាលកូនដោយវះកាត់ដែលហៅថា C-Section គឺត្រឹមតែជាបញ្ហានៅក្នុងអតីតកាលប៉ុណ្ណោះ។ EctoLife ត្រូវបានបង្កើតឡើងដើម្បីជួយប្រទេសដែលកំពុងរងគ្រោះដោយសារការធ្លាក់ចុះនៃចំនួនប្រជាជនយ៉ាងធ្ងន់ធ្ងរ ដែលមានដូចជាប្រទេសជប៉ុន ប៊ុលហ្គារី កូរ៉េខាងត្បូង និងប្រទេសជាច្រើនទៀត។ ទីកន្លែងបរិក្ខារនេះមានរៀបដោយបន្ទប់ពិសោធន៍ចំនួន75 កន្លែងដែលបំពាក់ដោយឧបករណ៍បច្ចេកវិទ្យាខ្ពស់។
មន្ទីរពិសោធន៍ទំនើបៗនីមួយៗអាចផ្ទុកបានរហូតដល់ទៅ 400 ដុំលូតលាស់ ឬស្បូនសិប្បនិម្មិត។ ដុំលូតលាស់នីមួយៗត្រូវបានរចនាឡើងដើម្បីចម្លងលក្ខខណ្ឌពិតប្រាកដ ដែលមាននៅក្នុងស្បូនរបស់ម្តាយ។ អគារនេះតែមួយអាចបណ្តុះទារកបានរហូតដល់ 30,000 នាក់ក្នុងមួយឆ្នាំ។ EctoLife អនុញ្ញាតឱ្យទារករបស់អ្នកលូតលាស់នៅក្នុងបរិយាកាសដែលគ្មានមេរោគ។ សំបកដុំលូួតលាស់នោះត្រូវបានធ្វើឡើងពីវត្ថុធាតុដែលការពារមេរោគមិនឱ្យជាប់នឹងផ្ទៃរបស់វា។ ចំណែកដុំលូតលាស់នីមួយៗមានបំពាក់ឧបករណ៍ចាប់សញ្ញាដែលអាចត្រួតពិនិត្យលក្ខណៈសំខាន់ៗចេញពីកូនរបស់អ្នកដែលមានដូចជាចង្វាក់បេះដូង សីតុណ្ហភាព សម្ពាធឈាម អត្រាដកដង្ហើម និងការផ្តល់កំរិតអុកស៊ីសែន។ ប្រព័ន្ធដែលផ្អែកលើAI រឺហៅថាArtificial Intelligenceក៏ត្រួតពិនិត្យលក្ខណៈរូបរាងរបស់កូនអ្នកផងដែរ និងរាយការណ៍ពីភាពមិនប្រក្រតីនៃហ្សែនដែលអាចកើតមាន។ ដុំលូតលាស់ត្រូវបានបំពាក់ដោយអេក្រង់ដែលបង្ហាញទិន្នន័យក្នុងពេលវេលាជាក់ស្តែងទៅលើការវិវឌ្ឍន៍នៃទារករបស់អ្នក។
ទិន្នន័យទាំងនេះត្រូវបានផ្ញើដោយផ្ទាល់ទៅទូរស័ព្ទរបស់អ្នក ដូច្នេះអ្នកអាចតាមដានបានសុខភាពកូនរបស់អ្នកពីកន្លែងមានផាសុកភាពរបស់អ្នកមក។ កម្មវិធីនេះក៏ផ្តល់ឱ្យអ្នកនូវទិដ្ឋភាពបន្តផ្ទាល់ក្នុងរូបភាពគុណភាពខ្ពស់ដែលមានបង្ហាញពីការលូតលាស់នៃកូនរបស់អ្នក។ ផ្នែកពិសេសមួយនៅក្នុងកម្មវិធីនេះគឺអនុញ្ញាតឱ្យអ្នកមើលរយៈពេលនៃ Timelapse ហើយចែករំលែកវាដោយផ្ទាល់ជាមួយមនុស្សជាទីស្រលាញ់របស់អ្នក។ ដោយសារតែទារកអាចស្គាល់ភាសានិងរៀនពាក្យថ្មីៗបានខណៈពេលដែលទារកនៅក្នុងផ្ទៃ ដុំលូតលាស់របស់EctoLifeក៏មានភ្ជាប់ឧបករណ៍បំពងសម្លេងខាងក្នុងដែលលេងពាក្យ និងភ្លេងយ៉ាងទូលំទូលាយដល់កូនរបស់អ្នក។ តាមរយៈកម្មវិធីនេះ អ្នកអាចជ្រើសរើស Playlistដែលកូនរបស់អ្នកស្តាប់បាន។ អ្នកក៏អាចច្រៀងដោយផ្ទាល់ទៅកាន់កូនរបស់អ្នកបានទៀតផងដែលធ្វើឱ្យពួកគេអាចស្គាល់សំឡេងរបស់អ្នកមុនពេលសំរាល។ គោលដៅរបស់យើងគឺដើម្បីផ្តល់ឱ្យអ្នកនូវកូនដ៏ឆ្លាតវៃមួយហើយក៏ពិតជាឆ្លុះបញ្ចាំងចេញពីជម្រើសដ៏ឆ្លាតវៃរបស់អ្នកពិតមែន។
EctoLifeបានធ្វើអោយបទពិសោធន៍ប្រាស្រ័យរបស់អ្នកជាមួយនឹងកូនកាន់តែប្រសើរឡើង។ អរគុណទៅដល់កាំមេរ៉ា360ដឺក្រេ ដែលបំពាក់នៅខាងក្នុងកន្លែងលូតលាស់របស់កូនអ្នកដែលអាចអោយអ្នកអាចប្រើ Virtual Reality Headset ដើម្បីស្វែងយល់ថាតើវាទៅជាយ៉ាងណានៅកន្លែងរបស់កូនអ្នក។ ពោលគឺអាចមើលឃើញអ្វីដែលគេឃើញ និងឮអ្វីដែលគេឮ។ ដោយប្រើឈុត Wireless Haptic ភ្ជាប់ទៅកន្លែងលូតលាស់របស់កូនអ្នក អ្នកនឹងអាចដឹងពីចលនាធាក់របស់ពួកគេថែមទៀតនៅខាងក្នុងស្បូននិងចែករំលែកបទពិសោធន៍នេះជាមួយមិត្តភក្តិ និងសមាជិកគ្រួសាររបស់អ្នក។ ជាមួយនឹង EctoLife ទារករបស់អ្នកនឹងទទួលបានសារធាតុចិញ្ចឹមល្អបំផុតដែលអាចគាំទ្រដល់ការលូតលាស់របស់ពួកគេ។ ក្រុមនីមួយៗនៃដុំលូតលាស់ត្រូវបានភ្ជាប់ទៅនឹង bioreactors នៅកណ្តាលចំនួនពីរ។ Bioreactor ទីមួយមានសារធាតុចិញ្ចឹមនិងអុកស៊ីសែនដែលត្រូវបានផ្គត់ផ្គង់ដល់កូនរបស់អ្នកតាមរយៈទងផ្ចិតសិប្បនិម្មិត។ bioreactor នេះក៏មានសូលុយស្យង់រាវដែលដើរតួនាទីជាទឹកភ្លោះព័ទ្ធជុំវិញទារកក្នុងស្បូនរបស់ម្តាយ។ វាសំបូរទៅដោយអរម៉ូនសំខាន់ៗ កត្តាដែលធ្វើអោយលូតលាស់ និងអង់ទីករដែលជួយទ្រទ្រង់ការលូតលាស់ និងការអភិវឌ្ឍរបស់កូនអ្នក។ សូមអរគុណដល់ប្រព័ន្ធគ្រប់គ្រងដោយ AI ទារកម្នាក់ៗអាចទទួលបានសារធាតុចិញ្ចឹមតាមតម្រូវការរបស់ពួកគេ។ Bioreactor ទីពីរត្រូវបានរចនាឡើងដើម្បីបោះចោលកាកសំណល់បញ្ចេញចោលដោយទារក។ ទងផ្ចិតសិប្បនិម្មិតជួយទារកឱ្យបញ្ចេញកាកសំណល់របស់ពួកគេទៅក្នុងឡ Bioreactor ទីពីរ។
ដោយមានជំនួយពីស្រទាប់ដ៏ល្អិតល្អន់នៃអង់ស៊ីមដែលបានបង្កើតឡើង បន្ទាប់មកម៉ាស៊ីន Bioreactor ទីពីរក៏អាចកែច្នៃកាកសំណល់ទាំងនោះហើយបង្វែរពួកវាទៅជាសារធាតុមានប្រយោជន៍ឡើងវិញ។ តាមរយៈវិធីនេះ ទីកន្លែងបរិក្ខារអាចធានាបាននូវការផ្គត់ផ្គង់សារធាតុចិញ្ចឹមស្រស់ៗ និងមានស្ថិរភាពប្រកបដោយនិរន្តរភាពដល់កូនរបស់អ្នក។ ជាមួយនឹង EctoLife ការរលូតកូន និងចំនួនមេជីវិតឈ្មោលទាបគឺជាត្រឹមជាបញ្ហាស្ថិតនៅក្នុងពេលអតីតកាលប៉ុណ្ណោះ។ មុននឹងមានការដាក់អំប្រ៊ីយ៉ុងបង្កកំណើតកូនរបស់អ្នកនៅខាងក្នុងដុំលូតលាស់ ការបង្កកំណើត Vitro ត្រូវបានប្រើប្រាស់ដើម្បីបង្កើតនិងជ្រើសរើសហ្សែនអំប្រ៊ីយ៉ុងដែលល្អបំផុតអាចសម្រេចទៅក្នុងការផ្តល់អោយកូនរបស់អ្នកនូវឳកាសទទួលបានការលូតលាស់ដោយគ្មានឧបសគ្គជីវសាស្រ្ត។ ហើយប្រសិនបើអ្នកចង់ឱ្យកូនរបស់អ្នកនូវភាពលេចធ្លោ និងមានអនាគតភ្លឺស្វាងនោះ សេវាកម្មកញ្ចប់ពិសេសក៏មានផ្តល់អោយអ្នកនូវឱកាសធ្វើវិស្វកម្មហ្សែនអំប្រ៊ីយ៉ុងមុនពេលដាក់បញ្ចូលវាទៅក្នុងស្បូនសិប្បនិម្មិតដែរ។ សូមអរគុណដល់ឧបករណ៍កែសម្រួលហ្សែនCRISPR-Cas9, អ្នកអាចកែសម្រួលលក្ខណៈណាមួយរបស់កូនអ្នកបានតាមរយៈភាពមហាសាលនៃហ្សែនជាង300។ ដោយវិស្វកម្មសំណុំនៃហ្សែន កញ្ចប់ពិសេសដែលហៅថា Elite Package នេះអាចអនុញ្ញាតឱ្យអ្នកប្ដូរពណ៌ភ្នែករបស់កូនអ្នកតាមបំណង មិនថាជាពណ៌សក់, សំបុរស្បែក, ភិនភាគនៃរាង្គកាយ,កម្ពស់, និងកម្រិតនៃភាពវៃឆ្លាត។ វាក៏អនុញ្ញាតឱ្យអ្នកអាចព្យាបាលជំងឺតំណពូជណាមួយបានផងដែរដែលមានមកនៅក្នុងប្រវត្តិគ្រួសាររបស់អ្នក ដូច្នេះកូនរបស់អ្នកនឹងអាចរស់នៅប្រកបដោយសុខភាពល្អ ផាសុកភាព និងគ្មានជំងឺហ្សែន។ ចាប់ពីពេលនេះតទៅយើងអាចនិយាយលាបានហើយទៅកាន់ភាពឈឺចាប់នៃការសម្រាលកូន និងការកន្ត្រាក់សាច់ដុំដែលទាក់ទងនឹងការផ្តល់កំណើត។
EctoLife អាចផ្តល់ឱ្យអ្នកនូវជម្រើសសុវត្ថិភាព និងគ្មានការឈឺចាប់ជួយដល់អ្នកក្នុងការសម្រាលកូនដោយគ្មានភាពតានតឹង។ ដំណើរការទទួលបានកូនគឺមានភាពងាយស្រួលនោះទេ ហើយអាចធ្វើបានដោយគ្រាន់តែចុចប៊ូតុងមួយប៉ុណ្ណោះ។ បន្ទាប់ពីបញ្ចេញទឹកភ្លោះចេញពីស្បូនសិប្បនិម្មិតនោះហើយ អ្នកនឹងអាចយកកូនរបស់អ្នកចេញពីដុំលូតលាស់នោះបានយ៉ាងងាយ។ អ្វីគ្រប់យ៉ាងត្រូវបានរចនាឡើងយ៉ាងល្អឥតខ្ចោះ ដូច្នេះអ្នក និងដៃគូរបស់អ្នកអាចរីករាយនឹងដំណើរការទទួលបានបុត្រាបុត្រីមួយនេះ។ ដើម្បីធានាបាននូវតម្លាភាពដ៏ពេញលេញ ការធ្វើតេស្ត DNAទុកជាមុនដោយឥតគិតថ្លៃនៅមុនពេលដំណើរការទទួលបានកូនអាចជួយអ្នកក្នុងការផ្ទៀងផ្ទាត់ពីអត្តសញ្ញាណហ្សែនរបស់កូនអ្នកបាន។ ដូច្នេះអ្នកអាចត្រឡប់មកផ្ទះវិញដោយដឹងថាកូនរបស់អ្នកជាហ្សែនរបស់អ្នកហើយ។ អ្នកមិនបាច់បារម្ភឡើយអំពីការដាច់ភ្លើង ឬការបញ្ចេញឧស្ម័នកាបូនទៅក្នុងបរិយាកាស។ EctoLife បានប្រើប្រាស់ថាមពលកកើតឡើងវិញដែលផ្តល់ទិន្នផលខ្ពស់ និងស្អាតរួមមានថាមពលព្រះអាទិត្យ និងខ្យល់។ ដុំលូតលាស់កម្រិតខ្ពស់ដំណើរការជាមួយនឹងតម្រូវការថាមពលតិចតួចបំផុតធ្វើឱ្យវាងាយស្រួលសម្រាប់កូនរបស់អ្នកក្នុងការអភិវឌ្ឍ និងលូតលាស់រហួតដល់ពេញលេញ។
ចំណែកសម្រាប់អ្នកដែលកាន់តែចង់មានភាពងាយស្រួលជាងនេះ EctoLife ក៏បានធ្វើអោយប្រព័ន្ធនេះបានទៅដល់អ្នកនៅគ្រប់ទីកន្លែងទាំងអស់។ អរគុណដល់ម៉ាស៊ីនប្រតិកម្មជីវចម្រុះខ្នាតតូចBioreactor និងថ្មដែលប្រើបានយូររបស់យើងទើបធ្វើអោយអ្នកអាចប្រើប្រាស់ដុំលូតលាស់EctoLife ដោយភាពងាយស្រួលនៅក្នុងគេហដ្ឋានរបស់អ្នកបានដែលអនុញ្ញាតឱ្យអ្នកមើលថែរក្សាទារករបស់អ្នកបានដោយខ្លួនឯងដោយមិនចាំបាច់ធ្វើដំណើរមកកាន់រោងចក្ររបស់ EctoLifeទេ។ ដោយការធ្វើជាម្ចាស់នៃដុំលូតលាស់ពិសេសរបស់អ្នក អ្នកនឹងអាចកសាងគ្រួសារដ៏មានសុភមង្គល មានកូនបានម្នាក់ក្នុងពេលម្តង ដែលចៀសឆ្ងាយចេញពីផលវិបាកផ្សេងៗកើតចេញពីការផ្តល់កំណើត។ គំនិតនៃទីបរិក្ខារ EctoLifeត្រូវបានរចនាឡើងដោយអ្នកជំនាញជីវបច្ចេកវិទ្យា និងអ្នកទំនាក់ទំនងវិទ្យាសាស្ត្រ Hashem Al-Ghaili ។ វាពឹងផ្អែកទៅលើការងារស្រាវជ្រាវមូលដ្ឋានដែលត្រូវបានធ្វើឡើងដោយអ្នកវិទ្យាសាស្ត្រនិងវិស្វករតាំងពីកំឡុងឆ្នាំ1950មកម្ល៉េះ។ ធុញទ្រាន់នឹងការរង់ចាំការឆ្លើយតបពីទីភ្នាក់ងារផ្តល់កូនចិញ្ចឹមមែនទេ? មិនអាចស្វែងរកម្តាយពពោះជំនួសបានមែនទេ? ព្រួយបារម្ភអំពីផលវិបាកនៃការមានផ្ទៃពោះ? លែងបារម្ភទៀតហើយ ព្រោះ EctoLife អាចរ៉ាប់រងចំពោះអ្នកបានគ្រប់យ៉ាង។