ភ្នំពេញ៖ ជនសង្ស័យចំនួន៥នាក់ពាក់ព័ន្ធករណីបង្កៃគ្រាប់បែកនៅចំកណ្ដាលក្រុងភ្នំពេញត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ឃាត់ខ្លួននៅក្នុងទីតាំងបុរីមួយកន្លែងក្នុងខណ្ឌច្បារអំពៅ។ តាមប្រភពពីនគរបាលក្រសួងមហាផ្ទៃបានឱ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ នៅក្នុងបុរីប៉េងហួត បឹងស្នោរ ស្ថិតក្នុងខណ្ឌច្បារអំពៅក្នុងនោះមានជនជាតិចិនចំនួន៤នាក់ និងជនជាតិខ្មែរម្នាក់ផងដែរ។
នៅក្នុងរង្វង់ប្រតិបត្តិការនេះសមត្ថកិច្ចចាប់យកបានរថយន្ត១គ្រឿង និងវត្ថុតាងពាក់ព័ន្ធមួយចំនួនទៀតខណៈជនសង្ស័យត្រូវបានបញ្ចូនយកទៅសាកសួរតាមនីតិវិធី។ សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ពលរដ្ឋបានប្រទះឃើញគ្រាប់បែក១គ្រាប់ត្រូវបានគេបង្កៃនៅចំណុចលើសួនច្បារមុខក្រុមហ៊ុនណាហ្គាវើល២ តាមផ្លូវរដ្ឋសភា ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន បន្ទាប់មកមន្ត្រីជំនាញ បានរៀបចំបំផ្ទុះចោលនៅនឹងកន្លែងតែម្ដង៕