វិទ្យាស្ថានបារាំងចុងបូព៌ា ឬហៅថា សាលាបារាំងចុងបូព៌ា នៅខេត្តសៀមរាប បាននិងកំពុងដាក់តាំងបង្ហាញរូបភាព ដែលមានអាយុកាលជាង៥០ឆ្នាំមុនដ៏កម្រជាច្រើនដែលពលរដ្ឋខ្មែរមិនសូវបានឃើញដើម្បីអបអរសាទរខួប៣០ឆ្នាំនៃការបើកអោយដំណើរការឡើងវិញនៃវិទ្យាស្ថានបារាំងចុងបូព៌ាប្រទេសនេះ។ ការដាក់តាំងបង្ហាញនេះមានរយៈពេល១ខែ ដោយចាប់ពីថ្ងៃទី១០ ខែធ្នូ រហូតដល់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣។ រូបថតជាច្រើនដែលបានថតតាំងពីអំឡុងឆ្នាំ១៩៦០ ដែលសាលាបារាំងចុងបូព៌ាយកមកដាក់តាំងបង្ហាញនេះសុទ្ធតែជារូបដែលបានថតនៅក្នុងទឹកដីខេត្តសៀមរាបទាក់ទងនឹងជីវភាពរស់នៅប្រចាំថ្ងៃរបស់អ្នកស្រុកអង្គរ រូបភាពប្រពៃណីរៀបការ រូបថតស្ដីពីការបំបួសនាគ ការសែនអារុក្ស អារក្សអ្នកតា និងរូបបង្ហាញអំពីរហាត់ទឹកនៅក្នុងស្ទឹងសៀមរាប ដែលមនុស្សជំនាន់មុនប្រើប្រាស់សម្រាប់ជាមធ្យោបាយនាំទឹកយកទៅស្រោចស្រពកសិកម្មជាដើម។
បន្ថែមលើការតាំងពិពរណ៍បង្ហាញរូបថត ស្ដីពីជីវភាព ទំនៀមទម្លាប់ប្រពៃណីរបស់អ្នកស្រុកអង្គរកាលពីសម័យអតីតកាលនេះ សាលាបារាំងចុងបូព៌ា ក៏បានតាំងបង្ហាញអំពីជំនាញដុតកុលាលភាជន៍ និងជំនាញស្លដែកសម័យបុរាណដែលក្រុមអ្នកស្រាវជ្រាវបានរកឃើញពាក់ព័ន្ធនឹងជីវភាព និងការរស់នៅរបស់មនុស្សនាសម័យអង្គរផងដែរ។ លោកបណ្ឌិត Brice Vincent ប្រធានវិទ្យាស្ថានបារាំងចុងបូព៌ាប្រចាំសាខាខេត្តសៀមរាបបានឲ្យដឹងថា ការដាក់តាំងពិពរណ៍រូបថតក្រោមប្រធានបទអង្គររស់រវើក ដោយសារតែវាពុំធ្លាប់ដាក់តាំងបង្ហាញពីមុនមកទាល់តែសោះ និងម្យ៉ាងទៀតវាក៏ជាប្រយោជន៍សម្រាប់ឱ្យសាធារណជនជាពិសេសអ្នកខេត្តសៀមរាបខ្លួនឯងបានឃើញ និងឈ្វេងយល់ពីទីក្រុងសៀមរាបកាលពីអំឡុងទសវត្សទី៦០ថាតើមានស្ថានភាពយ៉ាងណា។
លោកបានអំពាវនាវឱ្យសាធារណជនចូលទៅមើលការតាំងពិពរណ៍រូបថត និងការបើកបង្ហាញអំពីជំនាញដុតកុលាលភាជន៍ និងព្រមទាំងជំនាញស្លដែកសម័យបុរាណនេះឱ្យបានច្រើនកុះករដោយមិនគិតថ្លៃ។ លោកបណ្ឌិត Brice Vincent ឱ្យដឹងទៀតថា វិទ្យាស្ថានបារាំងចុងបូព៌ាគឺជាមជ្ឈមណ្ឌលស្រាវជ្រាវដោយមានទាំងបណ្ណាល័យសម្រាប់ទទួលសាធារណជនឱ្យចូលមកស្រាវជ្រាវចំណេះដឹងផ្សេងៗ។ ការធ្វើពិធីតាំងពិពរណ៍រូបថត ស្ដីពីជីវភាព ទំនៀមទម្លាប់ប្រពៃណីរបស់អ្នកស្រុកអង្គរកាលពីសម័យអតីតកាល និងការបង្ហាញអំពីជំនាញដុតកុលាលភាជន៍ និងជំនាញស្លដែកសម័យបុរាណសម័យអង្គរព្រមទាំងមានវិចិត្រករចូលរួមមកគូរគំនូរមានទាំងក្រុមអ្នកជំនាញមកធ្វើបទបង្ហាញស្ដីពីកំណាយផ្សេងៗនេះក៏ត្រូវបានគេចាត់ទុកថា វាក៏ជាទិវាអប់រំមួយសម្រាប់ក្រុមនិស្សិត និងអ្នកស្រាវជ្រាវនានាឱ្យមានឱកាសមកសិក្សាស្វែងយល់ប្រវត្តិសាស្ត្រខ្មែរ និងសកម្មភាពនៃក្រុមសាលាបារាំងចុងបូព៌ាផងដែរ៕