ការបំផ្ទុះចំនួនបីត្រូវបានឮនៅកណ្តាលទីក្រុង Kyiv ខណៈដែលអ៊ុយក្រែនបាននិយាយថា ខ្លួនបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក Shahed ផលិតដោយអ៊ីរ៉ង់មួយចំនួន។ អភិបាលក្រុង Kyiv លោក Vitali Klitschko បាននិយាយថា មានការផ្ទុះនៅកណ្តាលសង្កាត់ Shevchenkivskyi ហើយអគាររដ្ឋបាលចំនួនពីរត្រូវបានខូចខាត ប៉ុន្តែមិនមានអ្នករងរបួសនោះទេ។ យោងតាមប្រតិបត្តិករបណ្តាញថាមពលជាតិ Ukrenergo បានឲ្យដឹងថា មិនមានកន្លែងថាមពលណាមួយត្រូវបានខូចខាតដោយសារការផ្ទុះនោះទេ។ លោកOleksiy Goncharenko ដែលជាអ្នកនយោបាយអ៊ុយក្រែនបាននិយាយនៅលើប្រព័ន្ធ Twitter ថា លោកបានលឺការផ្ទុះចំនួនបីដងនៅម៉ោង ៦:៣០ ព្រឹកនៃម៉ោងក្នុងស្រុក។
អ្នកនាំពាក្យកងទ័ពអាកាសអ៊ុយក្រែន លោក Yuriy Ihnat បាននិយាយថា ការវាយប្រហារនេះ មានចេតនាកំណត់ពេលកំពុងងងឹត ដើម្បីធ្វើឲ្យអ៊ុយក្រែនពិបាកក្នុងការបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក ប៉ុន្តែប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែនមានដំណើរការយ៉ាងប្រសិទ្ធភាព។ លោកបាននិយាយថាចំនួនសរុបនៃយន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់ដែលបានបាញ់បង្ហោះកាលពីថ្ងៃពុធកំពុងត្រូវបានត្រួតពិនិត្យផ្ទៀងផ្ទាត់រកចំនួនជាក់លាក់ ប៉ុន្តែរុស្ស៊ីធ្លាប់បានប្រើប្រាស់យន្តហោះគ្មានមនុស្សបើកចំនួនប្រហែល៤០០គ្រឿង ចាប់តាំងពីត្រូវបាញ់ទម្លាក់លើកដំបូងដោយអ៊ុយក្រែនកាលពីពាក់កណ្តាលខែកញ្ញា។ លោកបានបន្តទៀតថា យ៉ាងណាមិញ នៅមិនទាន់ដឹងច្បាស់ទេថា តើរុស្ស៊ីកំពុងប្រើប្រាស់យន្តហោះគ្មានមនុស្សបើកថ្មីរបស់អ៊ីរ៉ង់ ឬក៏មិនទាន់ប្រើប្រាស់យន្តហោគ្មានមនុស្សបើកនៅក្នុងស្តុកចាស់របស់ខ្លួននៅឡើយ។
ផ្នែកខ្លះនៃយន្តហោះគ្មានមនុស្សបើកដែលឃើញនៅកន្លែងអគារដែលត្រូវបានបំផ្លាញមានសិលាចារឹកសរសេរថា "សម្រាប់ Ryazan" ។ ទីក្រុងមូស្គូកាលពីដើមខែនេះ បានចោទប្រកាន់ទីក្រុង Kyiv ថាបានប្រើប្រាស់យន្តហោះគ្មានមនុស្សបើក ដើម្បីវាយប្រហារមូលដ្ឋានទ័ពអាកាសចំនួនពីរគឺនៅតំបន់ Ryazan និងតំបន់ Saratov នៅភាគខាងត្បូងនៃប្រទេសរុស្ស៊ី ដោយបានសម្លាប់ទាហានចំនួន៣នាក់ និងរបួសចំនួន៤នាក់។
លោក Rory Challands របស់ Al Jazeera បានរាយការណ៍ពីទីក្រុង Kyiv ថា “មានការផ្ទុះដ៏ធំសម្បើមដែលបានកើតឡើងជុំវិញកណ្តាលទីក្រុង ។ ការផ្ទុះនេះទំនងជាបណ្តាលមកពីយន្តហោះគ្មានមនុស្សបើកត្រូវបានគេបាញ់ធ្លាក់លើអាកាស និងហើយវាធ្លាក់បុកដី”។ ការបំផ្ទុះបានកើតឡើងនៅពេលដែលអ៊ុយក្រែនអំពាវនាវឲ្យសម្ព័ន្ធមិត្តរបស់ខ្លួនផ្តល់ប្រព័ន្ធការពារដែនអាកាសទំនើបបន្ថែមទៀតដើម្បីជួយបាញ់ទម្លាក់មីស៊ីល និងយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ី ដែលបានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់ប្រទេស ហើយបានធ្វើឲ្យប្រជាជនរាប់លាននាក់ដោយរស់នៅគ្មានកំដៅក្នុងរដូវរងាដ៏ជូរចត់។លោក Zelenskyy បាននិយាយថា តំបន់ផ្សេងទៀតដែលជួបប្រទះលក្ខខណ្ឌលំបាក ជាមួយនឹងការផ្គត់ផ្គង់ថាមពល រួមមានរដ្ឋធានី Kyiv និងតំបន់ចំនួន ៤ ដែលនៅភាគខាងលិចអ៊ុយក្រែន និងតំបន់ Dnipropetrovsk នៅកណ្តាលនៃប្រទេសផងដែរ។
ទីក្រុងមូស្គូបាននិងកំពុងវាយលុកហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែនស្ទើរតែរៀងរាល់សប្តាហ៍ចាប់តាំងពីដើមខែតុលាមកម្ល៉េះ ខណៈពេលដែលកងទ័ពរុស្ស៊ីដកថយនៅលើសមរភូមិមួយចំនួននៅក្នុងភ្លើងសង្គ្រាមជិត១០ខែ។ គួរបញ្ជាក់ថា កាំជ្រួចមីស៊ីលកាលពីសប្តាហ៍មុនបានសម្លាប់មនុស្សយ៉ាងហោចណាស់ចំនួន៤នាក់ និងបានផ្តាច់ចរន្តអគ្គិសនីជាច្រើនកន្លែង។ កាលពីខែតុលា មនុស្សមួយចំនួនត្រូវបានសម្លាប់នៅក្នុងទីក្រុង Kyiv បន្ទាប់ពីការវាយប្រហារជាបន្តបន្ទាប់ ដោយយន្តហោះគ្មានមនុស្សបើក Kamikaze ផងដែរ។