ភ្នំពេញ៖ ក្រសួងអប់រំយុវជន និងកីឡាបានឱ្យដឹងថា ដំណើរការកំណែមុខវិជ្ជាទាំង១០នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖ ០៥ ធ្នូ ២០២២ ត្រូវបានបញ្ចប់ទាំងស្រុងក្រោមការបំពេញភារកិច្ចយ៉ាងសកម្ម និងទំនួលខុសត្រូវខ្ពស់។ ក្រសួងបានឱ្យដឹងបន្តថា បន្ទាប់ពីបញ្ចប់ដំណើរការកំណែប្រធាន អនុប្រធានមណ្ឌលទាំងអស់ បានដឹកសន្លឹក MCS និងឯកសារផ្សេងៗមករក្សាទុកនៅនាយកដ្ឋានកិច្ចការប្រឡង ដើម្បីចាប់ផ្ដើមរៀបចំដំណើរការស្រង់បូកពិន្ទុដោយកុំព្យូទ័រដោយឡែកសន្លឹកកិច្ចការរបស់បេក្ខជនត្រូវបានដឹកមករក្សាទុក។
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម្រាប់ឆ្នាំ២០២២នេះ មានបេក្ខជនសរុបចំនួន១២៨ ១៣៥នាក់ ស្រី៦៨ ៧៧១នាក់ មាន២២១មណ្ឌល ដែលត្រូវជា៥ ១៧៤បន្ទប់ បានចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។ សូមជម្រាបថា ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់យកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ពេលរសៀលសម្រាប់ប្រកាសលទ្ធផលប្រឡងនៅ រាជធានីភ្នំពេញ និងខេត្តកណ្តាល និងនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២សម្រាប់ខេត្តផ្សេងៗនៅទូទាំងប្រទេស៕