ភ្នំពេញ៖ គ្រាប់បែកបង្កៃ១គ្រាប់ត្រូវបានប្រទះឃើញ និងបង្កការភ្ញាក់ផ្អើលនាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចសួនច្បារ ផ្លូវរដ្ឋសភាស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ តាមប្រភពពីពលរដ្ឋនៅក្បែរទីតាំងកើតហេតុបានឱ្យដឹងថា នៅម៉ោងប្រមាណ៦ព្រឹកមានកម្មករថែសួនបានប្រទះឃើញមានគ្រាប់បែកភ្ជាប់ជាមួយនំខេករួចក៏រាយការណ៍ជូនសមត្ថកិច្ចអន្តរាគមន៍។
តាមប្រភពបានឱ្យដឹងដែរថា កាលពីយប់កើតហេតុគេឃើញមានយុវជន២នាក់បានជិះម៉ូតូមកក្បែរសួនច្បារមុខរដ្ឋសភាជាទីតាំងដែលគេបានរកឃើញគ្រាប់បែកបង្កៃនេះ។លោក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានប្រាប់សារព័ត៌មានក្នុងស្រុកមួយថា គ្រាប់បែកបង្កៃដែលប្រទះឃើញត្រូវបានសមត្ថកិច្ចបំផ្ទុះចោលហើយកំពុងបើកការស្រាវជ្រាវបន្ថែម៕