នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២នេះគឺជាខួប៣០ឆ្នាំ នៃការដាក់រមណីយដ្ឋានអង្គរទៅក្នុងបេតិកភណ្ឌពិភពលោកហើយលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចតំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជាអធិបតីក្នុងបើកព្រឹត្តិការណ៍បុណ្យរំលឹកគុណអង្គរ និងរាប់បាត្រព្រះសង្ឃចំនួន១៣០អង្គ នៅខេត្តសៀមរាប។
ថ្លែងក្នុងឱកាសនោះលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន មានប្រសាន៍ថា ព្រឹត្តិការណ៍នេះរៀបចំឡើងក្នុងគោលបំណងដើម្បីរំលឹកគុណអង្គព្រះមហាក្សត្រគ្រប់ព្រះអង្គ និងបុព្វការីជនដែលបានកសាងថែរក្សាប្រាសាទទាំងអស់នៅក្នុងរមណីយដ្ឋានអង្គរដោយបានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ជាតិមាតុភូមិតាំងពីដើមរហូតដល់បច្ចុប្បន្ននេះ។ ជាពិសេសបានបង្ហាញអំពីសក្តានុពលទេសចរណ៍របស់កម្ពុជាទៅកាន់ឆាកអន្តរជាតិក្នុងការលើកស្ទួយពាក្យស្លោកកម្ពុជាព្រះរាជាណាចក្រអច្ឆរិយៈ និងធ្វើឱ្យកាន់តែប្រាកដឡើងនូវពាក្យស្លោក អរគុណសន្តិភាព ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
លោកជំទាវបន្តទៀតថា ក្នុងនាមជាអ្នកជំនាន់ក្រោយយើងត្រូវបង្កើនការខិតខំប្រឹងប្រែងទ្វេរឡើងដើម្បីអភិវឌ្ឍប្រទេសយើងការពារឱ្យបានដាច់ខាតនូវនាវាសន្តិភាព ស្ថិរភាពសង្គម និងផ្តល់ឱ្យជាតិរបស់យើងនូវកិត្តិនាមរបស់ខ្លួនឡើងវិញ។ បេតិកភណ្ឌអង្គរនឹងមិនត្រូវបានបំភ្លេចឡើយចំណែកឯការថែរក្សា និងការអភិរក្សអង្គរជាកាតព្វកិច្ចរបស់កូនខ្មែរទាំងអស់គ្នា។ ពិធីរំលឹកគុណអង្គរត្រូវបានប្រារព្ធឡើងមានរយៈពេលចំនួន៣ថ្ងៃចាប់ពីថ្ងៃទី១៤ ដល់ទី១៦ ខែធ្នូ ដែលមានកម្មវិធីសាសនា ស្ដង់ពិព័រណ៍ និងការសម្ដែងសិល្បៈបុរាណនៅពេលរាត្រី និងកម្មវធីកម្សាន្តជាច្រើនទៀត ។
សូមជម្រាបថា ប្រាសាទអង្គរត្រូវបានចុះបញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភ័ណ្ឌពិភពលោករបស់អង្គការយូណេស្កូនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ១៩៩២ នាទីក្រុងសាន់តាហ្វេសហរដ្ឋ អាមេរិក។ ក្រោយពីការដាក់បញ្ចូលតំបន់រមណីយដ្ឋានអង្គរចូលក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោកសន្និសីទអន្តរជាតិមួយបានប្រារព្ធធ្វើឡើងនៅទីក្រុងតូក្យូចាប់ពីថ្ងៃទី១២-១៣ ខែតុលាឆ្នាំ១៩៩៣ក្រោមការផ្តួចផ្តើមគំនិតរបស់រាជរដ្ឋាភិបាលជប៉ុនដោយមានការគាំទ្រពីប្រទេសបារាំង និងអង្គការយូណេស្កូដើម្បីដាក់ចេញនូវយុទ្ធសាស្ត្រនិងផែនការសកម្មភាពនានាជាប្រយោជន៍ដល់កិច្ចការពារអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរដើម្បីសម្រេចគោលដៅនេះគណៈកម្មាធិការសម្របសម្រួលអន្តរជាតិហៅកាត់ថា អាយ ស៊ី ស៊ី អង្គរ ត្រូវបានបង្កើតឡើងនាខែធ្នូ ឆ្នាំ១៩៩៣៕