ភ្នំពេញ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានរំលឹកជាលើកចុងក្រោយចំពោះម្ចាស់រថយន្តចង្កូតស្ដាំដែលបានចុះបញ្ជីរួចឱ្យចូលខ្លួនទៅបំពេញកាតព្វកិច្ចពន្ធ និងអាករ ត្រឹមឱសានវាទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ខណៈរថយន្តដែលមិនអនុវត្តកាតព្វកិច្ច នឹងត្រូវបង្ក្រាបរឹបអូសដោះជាគ្រឿងបន្លាស់ ឬកម្ទេចចោល។ យោងតាមសេចក្ដីជូនដំណឹងរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាម្ចាស់រថយន្តគ្មានពន្ធមានស្រាប់ក្នុងប្រទេសជ្រកក្រោមផ្លាកលេខផ្សេងៗភាគច្រើនលើសលុបបានចូលមកបំពេញកាតព្វកិច្ចពន្ធ និងអាកររួចរាល់ប៉ុន្តែម្ចាស់រថយន្តចង្កូតស្តាំ ដែលបានចុះបញ្ជីរួចមួយចំនួននៅមិនទាន់ចូលមកបំពេញកាតព្វកិច្ចពន្ធនិងអាករនៅឡើយ។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានរំលឹកថា ដើម្បីចៀសផុតពីការបង្ក្រាបដោយមន្ត្រីគយ និងរដ្ឋាករមានសមត្ថកិច្ចតាមដងផ្លូវ ការដ្ឋាន អាជីវកម្មដ្ឋាន និងតាមទីកន្លែងសាធារណៈជាយថាហេតុសូមម្ចាស់រថយន្តចង្កូតស្ដាំដែលបានចុះបញ្ជីរួច ប៉ុន្តែនៅមិនទាន់បានបំពេញកាតព្វកិច្ចពន្ធនិងអាករប្រញាប់រួសរាន់ចូលមកបង់ពន្ធនិងអាករនៅតាមបណ្តាអង្គភាពគយនិងរដ្ឋាកររាជធានី-ខេត្ត ដែលសាមីខ្លួនបានចុះបញ្ជីរថយន្តរបស់ខ្លួនឱ្យបានមុនការកំណត់ជាកំហិត។ ជាមួយគ្នានេះ អគ្គនាយកដ្ឋានគយបានបញ្ជាក់ថា រថយន្តគ្រប់ប្រភេទរួមទាំងរថយន្តដែលបានចុះបញ្ជីរួចហើយមិនទាន់បំពេញកាតព្វកិច្ចពន្ធ និងអាករត្រឹមឱសានវាទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ នឹងត្រូវបង្ក្រាបរឹបអូសដោះជាគ្រឿងបន្លាស់ ឬកំទេចចោលតាមច្បាប់ និងបទប្បញ្ញត្តិជាធរមានដោយពុំមានការអនុគ្រោះទៀតទេ៕