ភ្នំពេញ៖ ឆ្នេរសមុទ្ររបស់បណ្ដាប្រទេសចំនួន៤ត្រូវបានមហាសន្និបាតលើកទី១៦របស់ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោកសម្រេចបញ្ចូលសមាជិកថ្មីខណៈមន្រ្តីជាន់ខ្ពស់កម្ពុជារំពឹងថា ការចូលជាសមាជិកក្លឹបឆ្នេរពិតជាជំរុញឱ្យមានរបត់ថ្មីនៃការប្រែប្រួលមុខមាត់តំបន់សមុទ្រ។ ឆ្នេរសមាជិកថ្មីទាំង៤ ដែលអង្គមហាសន្និបាតបានសម្រេចបញ្ចូលរួមមាន៖ ឆ្នេរ Triplet Bays of Pujada Balite and Mayo របស់ប្រទេសហ្វីលីពីន ឆ្នេរ Lan Ha របស់ប្រទេសវៀតណាម ឆ្នេរ La Ciotat របស់ប្រទេសបារាំង និងឆ្នេរ Les Sables d’Olonne របស់ប្រទេសបារាំង។
លោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់បានមានប្រសាសន៍ក្នុងពិធីបិទមហាសន្និបាតលើកទី១៦របស់ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលថា ការចូលជាសមាជិកក្លឹបឆ្នេរពិតជាជំរុញឱ្យមានរបត់ថ្មីនៃការប្រែប្រួលមុខមាត់តំបន់សមុទ្រកម្ពុជាលើទិដ្ឋភាពសង្គម សេដ្ឋកិច្ច ទេសចរណ៍ នគរូបនីយកម្ម និងបរិស្ថានជាកត្តាកំណត់ទទួលស្គាល់ជាអន្តរជាតិនៃឆ្នេរសមុទ្រកម្ពុជាទាក់ទាញវិនិយោគជំរុញកំណើនសេដ្ឋកិច្ចជាតិគោលដៅទេសចរណ៍ធម្មជាតិដ៏មានភាពទាក់ទាញ និងការប្រកួតប្រជែង។
បន្ថែមពីនេះលោកឧបនាយករដ្ឋមន្រ្តីបានណែនាំដល់អ្នកគ្រប់គ្រងតំបន់ឆ្នេរសមុទ្រត្រូវយកចិត្តទុកដាក់អភិវឌ្ឍន៍ និងអភិរក្សធនធានសមុទ្រឱ្យបានស្អាតដោះស្រាយបញ្ហាប្រឈមនានានៅតាមតំបន់ឆ្នេរដោយជំរុញការចែករំលែកបទពិសោធន៍ទៅវិញទៅមករវាងសមាជិកក្លឹបឆ្នេរស្អាត។ សូមបញ្ជាក់ថា មហាសន្និបាតលើកទី១៦ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលទើបបានបិទបញ្ចប់ក្រោមប្រធានបទ “ឆ្នេរនៃសន្តិភាព ឆ្នេរនៃក្តីសង្ឃឹម” នៅខេត្តព្រះសីហនុ ដោយមានការចូលរួមពីប្រតិភូសមាជិកក្លឹបឆ្នេរ២១ ប្រទេស និងប្រតិភូប្រមាណ១៣០នាក់៕